ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកកៀរម៉ូតូហុងដាស្កូបពីបណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់!

ភ្នំពេញ: ស្រ្តីម្នាក់បានរងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ខណ:ពេលកំពុងជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុង១គ្រឿងទៀតបើកបរឆ្លងផ្លូវក្នុងទិសដៅច្រាសគ្នា ក៏កៀរជាមួយម៉ូតូបណ្ដាលឲ្យដួលបោកទៅលើថ្នល់ពេញទំហឹង។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចច្រកចូលរោងចក្រកាត់ដេរQMI ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-5217 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ បានបើកកៀរម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AS-4801បើកបរដោយស្រ្តីម្នាក់មិនស្គាល់ឈ្មោះដូចគ្នា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កបានបើកបរធ្វើដំណើរចេញពីផ្លូវរោងចក្រកាត់ដេរQMI ក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់មកបានឡើងឆ្លងផ្លូវជាតិលេខ៤ក្នុងបំណងបត់ទៅទិសខាងកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅកៀរជាមួយម៉ូតូស្រ្តីរងគ្រោះដែលកំពុងបើកបរធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងដូចគ្នា ក្នុងបំណងចូលតាមផ្លូវរោងចក្រកាត់ដេរQMI បណ្ដាលឲ្យដួលរងរបួសស្រ្តីអ្នកបើកបរម៉ូតូនោះតែម្ដង។

ក្រោយពេលកើតហេតុស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកម៉ូតូនិងរថយន្តត្រូវនគរបានប៉ុស្តិ៍ចោមចៅនាំយកទៅរក្សាទុករង់ចាំការដោះស្រាយពីភាគីទាំងសងខាង៕

មតិយោបល់