កោះកុងៈ យោងតាមផេកទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា នៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ មានទូកនេសាទមួយគ្រឿង ប្រភេទទូកអូស ប្រើម៉ាស៊ីនទ្បាន បានលិចនៅចម្ងាយប្រហែល៥មៃ ពីមុខកងការពារកោះកុងក្រៅលេខ២ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កម្លាំងអូប័រទីបញ្ជាការជួរមុខ សហការជាមួយកម្លាំងកងការពារកោះកុងក្រៅលេខ២ ដែលមានអូប័រចំនួន៣គ្រឿង បានចេញទៅជួយសង្រ្គោះបន្ទាន់ ដែលមានតៃកុងទូក ឈ្មោះ ឌី អឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រួមទាំងកម្មករ ចំនួន៤នាក់ទៀត បានដោយសុវត្ថិភាព នៅវេលាម៉ោង៩ ព្រឹក ថ្ងៃខែឆ្នាំដដែល៕
ព័ត៌មានជាតិ
មតិយោបល់