ភ្នំពេញៈ យុវជនម្នាក់រួមដំណើរ និងនារីវ័យក្មេងម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿង តាមបណ្ដោយផ្លូវនរោត្តម ទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុខាងជើងវិមានឯករាជបានជ្រុលង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកបាឡែន បើកបរដោយបុរសម្នាក់ ពីជើងទៅត្បូងក្នុងទិសដៅបញ្ច្រាស បណ្តាលឲ្យបុកពេញទំហឹង រងការខូចខាតទាំងសងខាងយ៉ាងដំណំ និងរបួសស្រាលម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។
យោងតាមព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា គេឃើញយុវជនម្នាក់រួមដំណើរ និងនារីវ័យក្មេងម្នាក់ បើករថយន្តឡង់រ៉ូវែ ពណ៌ស គ្មានស្លាកលេខពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2.S1483 បើកដោយបុរសម្នាក់ពីជើងទៅត្បូងបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២រងការខូតខាតយ៉ាងដំណុំ និងម្ចាស់បាឡែនរងរបួសស្រាល ក្រោយកើតហេតុយុវជន និងនារីវ័យក្មេងបានចុះពីរថយន្តត្រូវបាននារីម្នាក់ទៀតវាយបោចសក់ ប្រតាយប្រតប់គ្នា ដោយស្រែកខ្លាំងថា នាងឯងយកប្ដីអាញ់ ធ្វើឲ្យសមត្ថកិច្ចនៅជិតនោះ ជួយអន្តរាគមន៍បំបែកចេញ រួចយុវជន និងស្រីស្នេហ៍គេចខ្លួនបាត់ទៅ។
ប្រភពពីស្ត្រីជាប្រពន្ធរបស់រថយន្តបង្ករៀបរាប់ថា រូបគាត់បានតាមរហូតមកពីក្រោយប្ដីកំហូចដឹងខ្លួនថា ខ្ញុំតាមបានលឿន បណ្ដាលទៅបុករថយន្តគេតែម្ដងទៅ។
ក្រោយកើតហេតុភាគីទាំងសងខាងបានសម្រួលគ្នា ដោយភាគីខាងរថយន្តឡង់រ៉ូវែសុខចិត្តយករថយន្តបាឡែនជួសជុសឡើងវិញទាំងអស់ ដើម្បីបញ្ចប់រឿងមិនរំខានដល់សមត្ថកិច្ច៕
មតិយោបល់