ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ពេជ្រ សោភា ជំងឺឈាមសស៊ីឈាមក្រហម ធ្វើទុក្ខ

ភ្នំពេញៈ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ជំងឺឈាមសស៊ីឈាមក្រហម ដែលបានរើឡើងចំពោះតារាចម្រៀងនាង ពេជ្រ សោភា មានលទ្ធផលបែបណានៅឡើយទេ បន្ទាប់ពីនាង ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យនៅប្រទេសថៃ តាំងពីថ្ងៃទី២៥ ខែឧសភា។ យ៉ាងណាក៏ដោយ អាការៈបែបនេះ ធ្លាប់បានវាយសន្ធាប់លើសុខភាពប្រក្រតីរបស់នាងតែមួយឆាវៗប៉ុណ្ណោះ ក្នុងពេលដែកគេដឹងថា នាងហត់នឿយខ្លាំង តាំងពីមុនចូលឆ្នាំ រហូតដល់ក្រោយចូលឆ្នាំ ជាមួយនឹងជោគជ័យក្នុងបទចម្រៀងនិពន្ធថ្មី។ នាងក៏នឹងត្រូវបង្ហាញខ្លួននៅថ្ងៃ២៩ ខែឧសភា ដើម្បីច្រៀងបទ «រាំញីកែងជើង» អបអរក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់រវាងកម្ពុជា និងក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋានអូឡាំពិក បានដូចការគ្រោងទុកឬយ៉ាងណាទេ។

ពាក់ព័ន្ធនឹងសភាពជំងឺរបស់ ពេជ្រ សោភា នេះ មានការបញ្ជាក់ពីសាមីខ្លួនជាយូរមកហើយថា ជាជំងឺឈាមសស៊ីឈាមក្រហម ទើបគេឃើញតារាស្រីរូបនេះ លេបថ្នាំជាប្រចាំ និងត្រូវឡើងចុះទៅកាន់ប្រទេសថៃ តាមដានសុខភាពរាល់ពេលធ្វើទុក្ខ។ ជំងឺរបស់នាង គឺជាជំងឺចាស់ និងមានសភាពប្រក្រតីមួយរយៈធំមកហើយ ប៉ុន្តែមកពីនាងប្រើប្រាស់កម្លាំងហួសហេតុ ក្នុងការផលិតបទថ្មី ទើបធ្វើឲ្យភាពទ្រុឌទ្រោមលេចឡើង។

ប្រភពដែលទុកចិត្ត បានប្រាប់ Post News ថា ជំងឺរបស់នាងបានរើឡើងវិញ ដោយសារតែមួយរយៈមុន នាងមិនបានសម្រាកគ្រប់គ្រាន់ និងបានគិតច្រើន ដោយសារតែត្រូវនិពន្ធបទថ្មីសម្រាប់ឱកាសចួលឆ្នាំជាមួយនឹងក្រុមការងារ។ នាងប្រឹងប្រែងការងារ ដោយគិតតែពីលទ្ធផលជោគជ័យ តែមិនបានគិតដល់បញ្ហាសុខភាពរបស់នាងនោះទេ ទើបបណ្ដាលឲ្យជំងឺឈាមសស៊ីឈាមក្រហមកើតឡើងជាថ្មី ហើយការធ្វើទុក្ខមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃនោះ ហាក់មានកម្រិតធ្ងន់។ ប្រភពដដែល និយាយថា «អាភាគ្នាប្រឹងណាស់កាលមុនចូលឆ្នាំ និងក្រោយចូលឆ្នាំ គឺសឹងតែអត់បានដេកតែម្ដង ទើបជំងឺហ្នឹងធ្វើទុក្ខអញ្ចឹង!»។ នាងត្រូបញ្ជូនទៅកាន់ប្រទេសថៃ និងកំណត់ឲ្យចូលសម្រាកនៅក្នុងមន្ទីរពេទ្យប៉ាយ៉ាថៃ ក្នុងទីក្រុងបាងកក ដើម្បីជួយសង្គ្រោះបន្ទាន់។ យ៉ាងណាមិញប្រភពដែលផ្ដល់ព័ត៌មានបានអះអាងថា អាការៈធ្វើទុក្ខបែបនេះ មិនមែនជាលើកទី១នោះទេ ទើបទាំង ពេជ្រ សោភា ដោយផ្ទាល់ និងក្រុមការងារហាក់មិនមានការបារម្ភខ្លាំង។

យោងតាមការបញ្ជាក់ជំងឺរបស់នាង គឺតម្រូវមិនឲ្យគិតច្រើន និងមិនឲ្យដេកពួនមិនគ្រប់គ្រាន់នោះទេ។ ប៉ុន្តែក្នុងអំឡុងមុនចូលឆ្នាំ ពេជ្រ សោភា ត្រូវគេអះអាងថា ប្រឹងប្រែងផលិតបទថ្មី និងបំបែកក្បាច់រាំ ដោយមិនបានគិតដល់ចំណុចនេះ ទើបសុខភាពចុះខ្សោយ ហើយបណ្ដាលឲ្យជំងឺឈាមសស៊ីឈាមក្រហម ធ្វើទុក្ខ។

នាងក៏ត្រូវបានគេអះអាងថា មានជំងឺបំពង់កថែមមួយមុខទៀតផងដែរ មុនពេលឡើងទៅសម្រាកព្យាបាលនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៥ ខែឧសភាម្សិលមិញនោះ។ នៅលើគណនេយ្យហ្វេសប៊ុក ពេជ្រ សោភា បានត្រឹមតែបង្ហោះឲ្យឃើញពីទិដ្ឋភាពពេលនាងទទួលការសង្គ្រោះបន្ទាន់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតពេទ្យថៃប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ថា ក្រោយការព្យាបាល តើជំងឺរបស់នាងមានកម្រិតធូរស្រាលបែបណានោះទេ។ ប៉ុន្តែគេនៅតែជឿជាក់ថា ការបង្ហាញខ្លួននៅថ្ងៃទី២៩ ខែឧសភា នៅពហុកីឡដ្ឋានអូឡាំពិក របស់នាង នឹងមិនខកខាននោះទេ ដោយសារតែព្រឹត្តិការណ៍នោះ នាងគឺជាដៃគូរបស់ ដេវីត ដើម្បីច្រៀងបទរាំញីកែងជើង ក្នុងម៉ោងសម្រាក ដើម្បីឲ្យកក្រើកស្ដាតអូឡាំពិក៕

photo_2016-05-25_23-16-16

photo_2016-05-25_23-16-52photo_2016-05-25_23-16-19photo_2016-05-25_23-16-23photo_2016-05-25_23-16-25photo_2016-05-25_23-16-29photo_2016-05-25_23-16-39photo_2016-05-25_23-16-43photo_2016-05-25_23-16-46photo_2016-05-25_23-16-49

មតិយោបល់