ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលពួកគេបានធ្វើសកម្មភាពជាបន្តបន្ទាប់ហើយត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ធ្វើកាស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ២ទីតាំងផ្សេងគ្នា គឺម្នាក់ឃាត់បាននៅភូមិបឹងសាឡាង និងម្នាក់ទៀតឃាត់បាននៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ បន្ទាប់ពីជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើសកម្មភាពលួចយកទូរសព្ទដៃរបស់គេអស់ចំនួន ៤គ្រឿងកាលពីកន្លងមកនេះ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ ជា ទេវរិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយថ្ម ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួនបានកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់បឹងកំសាន្ត ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។ ចំណែកឯម្ចាស់ទូរសព្ទដៃរងគ្រោះមានឈ្មោះ ពេជ្រ សុវណ្ណា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៥៩៨ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

និងទី២-ឈ្មោះ សៀ ស៊ាងហៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលជនសង្ស័យនៅម្តុំភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។ ចំណែកឯជនរងគ្រោះដែលត្រូវជនសង្ស័យលួចទូរសព្ទនោះមាន ២នាក់ ទី១-ឈ្មោះ កេត ដានី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ហើយទូរសព្ទដៃដែលត្រូវជនសង្ស័យលួចយកទៅនោះ ម៉ាក OPPO នៅវេលាម៉ោង ១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខក្លិបនាគមាស ទល់មុខប៉ុស្តិ៍ឫស្សកែវ និងម្នាក់ទៀតឈ្មោះ ហេង ចាន់ថា ហៅតូច ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ហើយទូរសព្ទដៃដែលត្រូវជនសង្ស័យលួចយកនោះម៉ាកណូគាស៊ីម២ យកនៅវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចម្តុំក្លោងទ្វាវិទ្យាល័យឫស្សីកែវ។

បច្ទុប្បន្នសង្ស័យទាំង ២នាក់ខាងលើនេះកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌឫស្សីកែវដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕



មតិយោបល់