ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយសារតែអ្នកបើកបររថយន្តងងុយដេក ហើយក៏ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យមានមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ស្រាល រីឯរថយន្តរងខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខបេនឡានគីឡូម៉ែត្រលេខ៩ ក្រុមទី៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សចំនួន ៤នាក់ ទី១ឈ្មោះ សៀង ណឹម ភេទប្រុស អាយុ ៥៨ឆ្នាំ រងរបួសបាក់កជើងខាងស្តាំ ,ទី២ឈ្មោះ ហេង បូផា ភេទស្រី អាយុ ៥២ឆ្នាំ រងរបួសបាកក់ជើងស្តាំ អ្នកទាំង២នាក់មានមុខរបរ នៅផ្ទះ មានទីលំនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រងរបួសធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត រីឯប្រុសស្រី ២នាក់ទៀតមិនត្រូវបានគេស្គាល់ឈ្មោះនោះទេកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកេតុមិលា ហៅមន្ទីពេទ្យធំ រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-0713 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាងលឿន ខណៈដែលបើកមកដល់ចំណុចមុខបេនឡានគីឡូម៉ែត្រលេខ៩ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតបានបើកចេញពីបេនឡាន ទើបធ្វើឲ្យម្ចាស់រថយន្តសាំយ៉ុងទាញចង្កូតមកខាងស្តាំដៃជ្រុលក៏ទៅបុកនឹងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ៤នាក់បានរងរបួសធ្ងន់ស្រាល។
ចំណែកឯម្ចាស់រថយន្ត ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែជនរងគ្រោះ និងរថយន្តនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានដែលឈរយាមកាមនៅក្បែរនោះ បាននាំគ្នារត់ទៅជួយ ដើម្បីគាស់ទ្វាររថយន្តយកមនុស្សប្រុសស្រីចំនួន ៤នាក់ចេញមកក្រៅ រួចក៏ត្រូវបានប្រជាពលរដ្ឋជួយលើកដាក់ក្នុងរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ២នាក់ និងដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកេតុមិលា ២នាក់។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការចុះទៅកន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់