ព័ត៌មានជាតិ

រដ្ឋាភិបាលទុកពេលឲ្យក្រុមហ៊ុនបោះសារព្រមានសុខភាពយ៉ាងយូរចុងខែកក្កដា ឆ្នាំ២០១៦នេះ

ភ្នំពេញៈ រដ្ឋាភិបាលបានទុកពេលឲ្យក្រុមហ៊ុនយ៉ាងយូរចុងខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវតែបោះសារព្រមានសុខភាព ដោយលាយល័ក្ខជាអក្សរភាសាខ្មែរ ដែលសារព្រមាននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៦ ដើម្បីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ (៣១ ឧសភា)ឆ្នាំនេះ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍(SEATCA) បានចេញនូវរបាយការណ៍មួយដោយទទួលស្គាល់ទាំងសមិទ្ធិផល និងចន្លោះប្រហោងនៃការអនុវត្តន៍ការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាលើផលិតផលថ្នាំជក់នៅបណ្តាប្រទេសអាស៊ាន។

របាយការណ៍ “សន្ទស្សន៍នៃការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាលើផលិតផលថ្នាំជក់របស់ SEATCA ” បានរកឃើញថា ក្នុងខណៈដែលប្រទេស៩ ក្នុងចំណោម១០ បាននិងកំពុងតែអនុវត្តសារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ មានតែបីប្រទេសប៉ុណ្ណោះ ដែលមានសារព្រមានសុខភាពដែលមានទំហំធំដែលគេចាត់ទុកថា ជាគំរូប្រតិបត្តិអន្តរជាតិល្អបំផុត (យ៉ាងហោច ៧៥%)។

ប្រទេសថៃ ជាប្រទេសដែលនាំមុខគេទីពីរ ដែលមានសារព្រមានសុខភាពជារូបភាពធំជាងគេបំផុតគឺ៨៥% នៃផ្ទៃខាងមុខនិងខាងក្រោយនៃកញ្ចប់បារី ចំណែកប្រទេសប្រ៊ុយណេ និងប្រទេសមីយ៉ាន់ម៉ា មានសារព្រមានសុខភាពជារូបភាពដែលមានទំហំ៧៥% បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាដែលមានសារព្រមានសុខភាពជារូបភាពទំហំ៥៥% ប្រទេសសិង្ហបុរី វៀតណាម និងប្រទេស ហ្វីលីពីន ៥០% ប្រទេសឥណ្តូនេស៊ី ៤០% និងប្រទេសឡាវ ៣០%។

“បណ្តាប្រទេសអាស៊ានគួរតែឈានឆ្ពោះទៅមុខទាំងអស់គ្នា ក្នុងនាមយើងស្ថិតក្នុងតំបន់តែមួយ ក្នុងការដាក់បទដ្ឋានខ្ពស់សម្រាប់ការពារសុខភាពសាធារណៈ។ បច្ចុប្បន្ននេះ មានភាពខុសគ្នាយ៉ាងខ្លាំងក្នុងចំណោមប្រទេសក្នុងតំបន់ ឧទាហរណ៍៖ ខណៈប្រទេសសិង្ហបុរីបានចាប់ផ្តើមរៀបចំឱ្យមានកញ្ចប់លាត នៅប្រទេសឡាវ កញ្ចប់បារីមានតែសារព្រមានសុខភាពជាអក្សរដែលគ្មានប្រសិទ្ធភាពទាល់តែសោះ។

លោកវេជ្ជបណ្ឌិត Ulysses Dorotheo នាយកកម្មវិធី FCTC របស់ SEATCA បានមានប្រសាសន៍ថា ការវេចខ្ចប់និងការបិទស្លាកលើផលិតផលថ្នាំជក់ចាំបាច់ត្រូវតែពង្រឹងឱ្យបានពេញលេញ ដោយអនុលោមទៅតាមមាត្រា11 នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក (WHO-FCTC)។

គោលការណ៍ណែនាំសម្រាប់អនុវត្តមាត្រា១១ នៃអនុសញ្ញា WHO FCTC បានណែនាំថាសារព្រមានសុខភាពត្រូវមានទំហំធំតាមដែលអាចធ្វើបាន និងរួមបញ្ចូលរូបភាពផងដែរ ដើម្បីឱ្យមានប្រសិទ្ធភាព ក្នុងការផ្តល់ព័ត៌មានពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ទៅកាន់អ្នកប្រើប្រាស់ បូករួមជាមួយនឹងការវេចខ្ចប់ដោយកញ្ចប់លាត ដែលធ្វើឱ្យសារព្រមានសុខភាពជារូបភាពកាន់តែលេចធ្លោ ដែលជួយកាត់បន្ថយភាពទាក់ទាញរបស់ផលិតផលថ្នាំជក់។

កាលពីថ្ងៃទី២០ ខែឧសភាថ្មីៗនេះ ប្រទេសអៀកឡង់ ចក្រភពអង់គ្លេស និងប្រទេសបារាំង បានជំរុញការអនុវត្តន៍កញ្ចប់លាត ដោយចូលរួមជាមួយប្រទេសអូស្រ្តាលី ដែលបានអនុវត្តកញ្ចប់លាតនេះតាំងពីឆ្នាំ ២០១២ មកម្លេះ។

សន្ទស្សន៍របស់ SEATCA ធ្វើការវាយតម្លៃការរីកចំរើន នៅប្រទេសនីមួយៗ ក្នុងការអនុវត្តន៍គោលការណ៍ណែនាំសម្រាប់អនុវត្តមាត្រា១១ នៃអនុសញ្ញាWHO FCTC បំណងជួយដល់រដ្ឋាភិបាល នានាក្នុងការកំណត់នូវចន្លោះប្រហោង និងចំណុចដែលត្រូវកែប្រែឱ្យប្រសើរឡើង។

លទ្ធផលដែលរកឃើញដោយរបាយការណ៍រួមមាន៖

• ការអភិវឌ្ឍន៍ក្នុងការវេចខ្ចប់៖ នៅឆ្នាំ ២០០៤ សិង្ហបុរីបានក្លាយជាប្រទេសទីបីនៅលើពិភពលោក និងទីមួយក្នុងតំបន់អាស៊ាន ដែលអនុវត្តសារព្រមានសុខភាពជារូបភាព។ នៅឆ្នាំ ២០១៥ ប្រទេសសិង្ហបុរីបានបានពិគ្រោះយោបល់ជាសាធារណៈស្តីពីការតម្រូវឱ្យមានការវេចខ្ចប់ផលិតផលថ្នាំជក់ជាកញ្ចប់លាត ខណៈប្រទេសម៉ាឡេស៊ី និងប្រទេសថៃក៏បានប្រកាសពីគំរោងរបស់ខ្លួនសម្រាប់ការវេចខ្ចប់លាតនេះដែរ។

• ពាក្យបរិយាយបំភាន់ត្រូវបានហាមឃាត់៖ ប្រទេសចំនួន ៩ (ឥណ្តូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម) មានការហាមឃាត់ការប្រើពាក្យពេចន៍បរិយាយដែលមានលក្ខណៈទាក់ទាញ និងធ្វើឱ្យយល់ច្រលំដូចជា “ស្រាល” “ស្រទន់” លើការវេចខ្ចប់ និងការបិទស្លាកលើផលិតផលថ្នាំជក់។

• មិនត្រូវឱ្យមានអ្វីមួយបិទបាំងសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីឡើយ៖ ប្រទេសអាស៊ានស្ទើរតែទាំងអស់បានហាមឃាត់ការប្រើប្រាស់ស្លាកសញ្ញាបន្ថែម ស្ទិកឃ័រ ស្រោម គម្រប ឬកញ្ចប់ហូតស្រោបពីក្រៅកញ្ចប់ផលិតផលថ្នាំជក់ដែលអាចជាឧបស័គ្គ ឬបាំងសារព្រមានសុខភាពជារូបភាពមិនឱ្យគេមើលឃើញ។

• អាចធ្វើបានក្នុងរយៈពេលបីខែ៖ មានប្រទេសចំនួន ៦ បានទុករយៈពេលឱ្យឧស្សាហកម្មថ្នាំជក់តិចជាង ១០ខែ ដើម្បីដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់៖ ប្រទេសថៃ (៣ ខែ) ប្រទេសប្រ៊ុយណេ និងមីយ៉ាន់ម៉ា (៦ ខែ) ប្រទេសម៉ាឡេស៊ី (តិចជាង៧ ខែ) ប្រទេសវៀតណាម (៦-១០ ខែ) និងប្រទេសកម្ពុជា (៩ខែ)។

• រូបភាពនៃសារព្រមានសុខភាពត្រូវបានចែករំលែកគ្នាទៅវិញទៅមកក្នុងតំបន់៖
ខណៈដែលប្រទេសអាស៊ានប្រើប្រាស់រូបភាពព្រមានសុខភាពរបស់ប្រទេសរៀងៗខ្លួន ប្រទេសទាំងនេះក៏អាចសហការណ៍គ្នា និងចែករំលែកកម្មសិទ្ធបញ្ញាក្នុងការប្រើប្រាស់រូបភាពជាមួយគ្នាទៅវិញទៅមកដោយឥតគិតកំរៃផងដែរ តាមរយៈយន្តការរក្សាទុក និងចែកចាយរូបភាពដែលជួយសម្របសម្រួលដោយ SEATCA រួមជាមួយនឹងមន្រ្តីបង្គោលត្រួតពិនិត្យថ្នាំជក់អាស៊ាន (AFPTC)៕

photo_2016-05-26_08-39-21 photo_2016-05-26_08-29-06 photo_2016-05-26_08-29-13 photo_2016-05-26_08-29-25 photo_2016-05-26_08-56-12 photo_2016-05-26_08-35-02 photo_2016-05-26_08-35-01

មតិយោបល់