កងទ័ពអាកាសអាមេរិក ដែលនៅសេសសល់នៅអាហ្វហ្កានីស្ថាន បានបន្ថែមការវាយប្រហារ ទំលាក់គ្រប់ ទៅលើក្រុមតាលីបង់ យ៉ាងសកម្មបំផុត នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក Kenneth McKenzie មេបញ្ជាការកងទ័ពអាមេរិក ប្រចាំអាហ្វហ្កានីស្ថាន បានអះអាងថា កងទ័ពអាមេរិក បានត្រៀមរួចហើយ ថានឹងបន្តប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ដើម្បីជួយកងទ័ពជាតិអាហ្វហ្កានីស្ថាន ដរាបណា ក្រុមតាលីបង់នៅតែបន្តវាយប្រយុទ្ធ។
លោកមេបញ្ជាការអាមេរិករូបនេះ បានបន្ថែមថា លោកចង់និយាយដោយត្រង់ ប្រាប់ទៅកងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ថាក្នុងរវាងប៉ុន្មានថ្ងៃទៅមុខ ស្ថានការណ៍អាចនឹងលំបាកខ្លាំងណាស់ ព្រោះក្រុមតាលីបង់ កំពុងតែសម្រុកវាយដណ្តើម គ្រប់គ្រងដែនដីនៅអាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ ជ័យជំនះរបស់ក្រុមតាលីបង់ មិនមែនយើងចៀសមិនបាននោះទេ ប្រសិនបើយើងបន្តប្រឹងប្រែងប្រយុទ្ធ។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានសម្រុកវាយប្រហារ ចាប់តាំងពីខែឧសភាមក ខណៈដែលអាមេរិក ចាប់ផ្តើមដកទ័ពចេញពីអាហ្វហ្កានីស្ថាន។ ដែនដីជនបទ ដាច់ស្រយាល និងបណ្តោយព្រំដែនមួយភាគធំ ត្រូវបានធ្លាក់ទៅក្នុងដៃក្រុមតាលីបង់។ កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅកាន់កាប់ តែតំបន់ប្រជុំជនទីរួមខេត្តធំៗ និងបណ្តោយផ្លូវសំខាន់ៗ តែប៉ុណ្ណោះ។ ការវាយប្រយុទ្ធ ប៉ុន្មានថ្ងៃនេះ នៅតំបន់ក្រុងកង់ដាហារ បានរុញច្រានប្រជាជនប្រមាណ ១៥ម៉ឺននាក់ ឲ្យរត់ភៀសខ្លួន ចោលផ្ទះសម្បែង។
គួរកត់សំគាល់ថា ជោគជ័យរបស់ក្រុមតាលីបង់ បានធ្វើឲ្យមានការព្រួយបារម្ភ ថាក្រុមនេះ អាចនឹងឈានមកគ្រប់គ្រងអំណាចទាំងស្រុង នៅអាហ្វហ្កានីស្ថាន ធ្វើឲ្យលទ្ធផលនៃការធ្វើសង្គ្រាម ប្រមាណ២០ឆ្នាំរបស់កងទ័ពអាមេរិក ត្រូវរលាយក្លាយជាផេះ។ លោកចូ បៃដិន ធ្លាប់បានបញ្ជាក់ថា បើទោះបីកងទ័ពអាមេរិក ត្រូវដកចេញ តែអាេមរិក នឹងនៅតែបន្តជួយទំនុកបម្រុង ជួយប្រជាជនអាហ្វហ្កានីស្ថាន។ យ៉ាងណាក៏ដោយ ការប្រកាសរបស់មេបញ្ជាការកងទ័ពអាមេរិក ថាអាចនឹងបន្តវាយប្រហារលើក្រុមតាលីបង់នេះ គេមិនបានបញ្ជាក់ថា រហូតដល់ពេលណា ហើយក្នុងក្របខណ្ឌអ្វីនោះទេ៕
មតិយោបល់