ព័ត៌មានជាតិ

ម៉ូតូ​និច​ ព្រលះគ្នាជាមួយ​រថយន្ដ​ព្រូស យ៉ាងពេញទំហឹង រងរបួសធ្ងន់ពីរនាក់

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅ​វេលា​ម៉ោង​២២ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែ​កក្កដា មានបុរស​ពីរ​នាក់ ជិះ​ម៉ូតូ​និច​មួយ​គ្រឿង​ឌុប​គ្នា​ ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ដ​ព្រូស​ កំពុង​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ពេញ​ទំហឹង ​បណ្ដាល​ឲ្យបាក់​ភ្លៅ​ម្នាក់ ​និង​ម្នាក់​ទៀត​រង​របួស​បោក​ក្បាល​សន្លប់​ស្ដូក​ស្ដឹង ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់ ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ ។

ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើងនៅ​ចំណុច​ខាង​មុខ​ច្រក​ចូល​ផ្សារ​ទំនើប សុវណ្ណា តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ រថយន្ដ​មួយ​គ្រឿង​ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2Y-1816 បើក​បរ​ដោយ​បុរស​ម្នាក់ ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ដ​ក៏​បាន​បត់​ឆ្វេង​ ឆ្លង​ផ្លូវ​ចូល​ច្រក​ផ្សារ​ទំនើប​សុវណ្ណា ។ នៅពេល​ដែល​រថយន្ដ​កំពុង​តែ​បត់​បាន​ពាក់​កណ្ដាល​ផ្លូវ​ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច​ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1DE-5821 ជិះ​ដោយ​បុរស​ពីរ​នាក់​ក្នុង​ល្បឿន​លឿន​ ទិស​ដៅ​បញ្ច្រាស​គ្នា ​បាន​បុក​រថយន្ដ​ចំ​ក្បាល​រថយន្ដ​ពេញ​ទំហឹង ​បណ្ដាល​ឲ្យរង​របួស​ធ្ងន់​ទាំង​ពីរ​នាក់ ​ចំណែក​ម៉ូតូ ​និង​រថយន្ដ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង ។

ក្រោយ​ពី​កើត​ហេតុ​ រថយន្ដ​សង្គ្រោះ​បន្ទាន់ ​បាន​ទៅ​ដឹក​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម្ចាស់​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​យក​ទៅ​សួរ​នាំ រី​ឯរ​ថយន្ដ​ និង​ម៉ូតូ​ ត្រូវបានកម្លាំង​ជំនាញ​ចុះ​ធ្វើ​ការ​វាស់​វែង រួម​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចម្ការ​មន ដើម្បី​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ ៕

មតិយោបល់