ព័ត៌មានសិល្បៈ និងកម្សាន្ត

នីរិទ្ធ អែនឌ្រូ រិះគន់ ឌី សូនីតា រឿងធ្វើខួបកំណើតអស់៥មុឺនដុល្លារ

ខណ:ដែលមហាជន និងតារាសិល្ប:ភាគច្រើនសុទ្ធតែកោតសរសើរពីពិធីខួបកំណើតរបស់តារាសម្ដែងនាង ឌី សូនីតា ថាអស្ចារ្យ កាលីព និងកម្រមានដោយសារតែហ៑ានចំណាយដល់រង្វង់៥មុឺនដុល្លារក្នុងការរៀបចំ ពិធីករប៉ុស្ដិ៍លេខ៩ លោក នីរិទ្ធ អែនឌ្រូ បែរជាចេញមុខរិះគន់ទៅវិញ។ បើទោះជាលោកបង្ហោះសារដោយមិនបញ្ចេញឈ្មោះតារាដែលលោករិះគន់ តែគេមើលឃើញភ្លាមថា អ្វីដែលលោកសំដៅ គឺឌី សូនីតា។

លោកបានសរសេរនៅលើហ្វេសប៑ុកថា”សិល្បករយើងមួយចំនួន សុខចិត្តចំណាយលុយខ្ទង់មុឺនធ្វើកម្មវិធីឥតប្រយោជន៍ ចាំមើលដល់ពេលមានអាសន្នអន់ក្រ តាំងស្រែករកជំនួយពីសប្បុរសជន។ គំនិតចឹងបានទស្សនិកជន ភាគច្រើនមិនឲ្យតម្លៃសិល្ប:។” ការលើកឡើងរបស់លោកត្រូវគេឃើញមានអ្នកបញ្ចេញយោបល់គាំទ្រយ៉ាងខ្លាំង បន្ទាប់ពីការបង្ហោះបានតែប៉ុន្មាននាទីកាលពីយប់ថ្ងៃទី១៥ កក្កដា ដែលការបង្ហោះរបស់លោមគឺស្របគ្នានឹងព្រឹត្តិការណ៍ខួបកំណើតរបស់កញ្ញា ឌី សូនីតា ត្រូវគេឃើញសិល្បករសិល្បការិនីជាច្រើនបន្តផ្ទាល់ និងបង្ហោះរូបបង្អួតពីភាពអស្ចារ្យរបស់ម្ចាស់ពិធី។ លោកនីរិទ្ធ អែនឌ្រូ ប្រកាសថាលោកនិយាយជាលក្ខណ:ទូទៅចំពោះតារាសិល្ប:ដែលមានទម្លាប់បង្អួតភាពហុឺហារ និងសម្ញ៉ែងសម្ភារ:និយមប៉ុណ្ណោះ គឺមិនបានវាយសំដៅទៅកាន់តារាណាម្នាក់នោះទេ។ យ៉ាងណាមិញគេនៅមើលឃើញថា អ្វីដែលលោកផុសឡើងគឺសំដៅចង់រិះគន់ទៅកាន់តារាសម្ដែង កញ្ញា ឌី សូនីតា ដែលហ៑ានចំណាយ៥មុឺនដុល្លារធ្វើពិធីខួបកំណើតនៅសណ្ឋាគារលំដាប់ផ្កាយ៥ គឺអូតែលសុខាត្រើយម្ខាងទល់មុខព្រះបរមរាជវាំង ដោយគ្រាន់តែការរៀបចំដេគ័រ និងពិធីការ ចង់ស្មើនឹងមង្គលការមួយ។ ពិធីរបស់នាងធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ កក្កដា តែជាង៣០តុប៉ុណ្ណោះ តែអាចនិយាយបានថាជាពិធីខួបកំណើតធំដំបូងគេក្នុងពិភពតារាសិល្ប:ដែលបានចំណាយខ្ពស់។

ឆ្លើយតបនឹងការចំណាយដ៍ខ្ពស់នេះ ឌី សូនីតា បានបញ្ជាក់រួចហើយថានាងដំបូងគ្រោងចំណាយត្រឹមតែ ២មុឺនដុល្លារប៉ុណ្ណោះក្នុងការរៀបចំ។ ប៉ុន្តែបណ្ដាលមកពីនាងមិនធ្លាប់មានពិធីធំដំ និងចង់ធ្វើកុំឲ្យខ្វះចន្លោះផង ទើសម្រេចរៀបចំបន្ថែមៗរហូតដោយនៅមុនពិធីចាប់ផ្ដើមនាងបញ្ជាក់ថាអស់រង្វង់៥មុឺនដុល្លារហើយ។ យ៉ាងណាមិញ កញ្ញាបញ្ជាក់ថា ហេតុផលដែលហ៑ានចំណាយច្រើនដល់ថ្នាក់នោះ ក៍មានម្ចាស់ក្រុមហ៑ុនមួយចំនួនចូលរួមផ្នែកខ្លះផងដែរ គឺមិនមែនលុយកាក់របស់នាងទាំងស្រុងនោះទេ។ កញ្ញាថាគម្រប់អាយុ២៦ឆ្នាំជាលេខហុងស៑ុយ ទើបនាងត្រូវតែធ្វើឲ្យកក្រើកពិភពសិល្ប:សម្រាប់ពិធីខួបកំណើតនាយប់នោះ៕

មតិយោបល់