Update៖ បើករថយន្តងោកមួយភាំង បុកចូលតូបជួសជុលម៉ូតូ របួសធ្ងន់ម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១១ ថ្ងៃទី ១៦ កក្កដានេះ មានបុរសម្នាក់ បើកបររថយន្តប្រភេទទេសចរណ៍មួយគ្រឿង ដោយគាត់ងងុយគេងងោកមួយភាំង ក៏រ៉េចង្កូតមកស្តាំដៃ បុកចូលកន្លែងជួសជុលម៉ូតូមួយកន្លែង បណ្តាលបុរសជាជាងរងរបួសធ្ងន់ និងខូចខាតសម្ភារៈមួយចំនួននិងម៉ូតូ១គ្រឿង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅភូមិព្រៃព្រីខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក FORD STRANSIT ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ2Z-3506 ។ ចំណែកជនរងគ្រោះ
ឈ្មោះ ឃុន ខុម អាយុ៥៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុ។

តាមការបញ្ជាក់ពីបុរសជាអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បើកបររថយន្តខាងលើ តាមបណ្តោយផ្លូវជាតិ៣ ក្នុងទិសដៅពីជើងទៅត្បូង ពីភ្នំពេញទៅកំពត លុះមកដល់ចំណុចកើតហេតុ ដោយសារគាត់ងងុយ ងោកមួយភាំង បើកភ្នែកមកវិញស្រាប់ តែក្បាលរថយន្តរ៉េចូលបុកកន្លែងជួលជុលម៉ូតូនេះតែម្តង បណ្តាលឲ្យបុរសជាជាងម៉ូតូ រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបន្ទាប់ កងពល៧០ អង្គភាព ៧១១ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ និងខូចខាតសម្ភារៈមួយចំនួន រួមម៉ូតូម៉ាកឃ្លិក១គ្រឿង គៀបនៅក្រោមរថយន្ត (ជាម៉ូតូគេយកមកធ្វើ)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះវាស់វែងធ្វើឯកសារនៅកន្លែងកើតហេតុ និងយករថយន្តទៅរក្សាទុក នៅផ្នែកជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់