ព័ត៌មានបច្ចេកវិទ្យា

Nokia នឹងបញ្ចេញអាវុធកំពូលលើកដំបូងឆាប់ៗនេះ ឯតម្លៃអាចក្រោម ៦០០ ដុល្លារ!

ចាប់តាំងពីបានប្រកាសប្តេជ្ញាថានឹងស្តារមុខមាត់ទូរសព្ទដៃម៉ាក Nokia ឡើងវិញ នាចុងឆ្នាំ ២០១៦ មក ក្រុមហ៊ុន HMD Global ដែលបានទិញយកសិទ្ធិអាជីវកម្មលើម៉ាកសញ្ញាទូរសព្ទនៃប្រទេសហ្វាំងឡង់ពីក្រុមហ៊ុន Microsoft មិនទាន់បានបញ្ចេញទូរសព្ទស្មាតហ្វូនដើរដោយប្រព័ន្ធ Android លំដាប់កំពូលនៅឡើយទេ។

រហូតមកទល់ពេលនេះម៉ោងនេះ ក្រុមហ៊ុនទើបតែបញ្ចេញត្រឹម Nokia 3, 5, និង 6 លំដាប់ទាប និងកណ្តាល តម្លៃខ្ទង់ចាប់ពី ១០០ ដល់ ៣០០ ដុល្លារ ប៉ុណ្ណោះ។

ដូច្នេះ វាល្មមដល់ពេលក្រុមហ៊ុនមួយនេះ បញ្ចេញតួអង្គឯករបស់ខ្លួនហើយ គឺតាមរយ: Nokia 8 ដែលត្រូវគេអះអាងថាមានលេខសម្គាល់ម៉ូឌែល TA-1004 និងដែលត្រូវបានគេនិយាយខ្ចរខ្ចាយជាហូរហែកន្លងមក អំពីលក្ខណ:សម្បត្តិ និងសមត្ថភាពដ៏ខ្លាំងរបស់វា។

បើយោងតាមរបាយការណ៍ពី WinFuture ទូរសព្ទដែលជាសមាជិកគ្រួសារ Android ថ្មីនេះ នឹងបំពាក់អេក្រង់កម្រិត 2K ទំហំ ៥.៣ អីុញ ជាមួយខ្នាតបញ្ចាំងរូបភាព ១៤៤០x២៥៦០ ភិចសែល ប្រើបន្ទះឈីប Snapdragon 835 ដែលជាផលិតផលជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm និងដែលកំពុងត្រូវបានប្រើនៅលើស្មាត ហ្វូនលំដាប់កំពូលៗស៊េរីឆ្នាំ ២០១៧។

ក្រៅពីនេះ វាត្រូវគេអះអាងបន្ថែមថា នឹងបំពាក់កាមេរ៉ាភ្លោះប្រើបច្ចេកវិទ្យា Zeiss ដ៏អស្ចារ្យសម្រាប់ទូរសព្ទដៃ Lumia ពីមុន, RAM ទំហំ ៤ GB អង្គចងចាំទំហំ ៦៤ GB អាចប្រើស៊ីមកាតពីរបាន និងមានជម្រើសពណ៌ចំនួន ៤: ខៀវ ប្រផេះ ខៀវលាយមាស និងស្ពាន់លាយមាស ហើយវានឹងប្រកាសចេញជាផ្លូវការនាចុងខែកក្កដានេះ នៅសហរដ្ឋអាមេរិក ជាមួយតម្លៃក្រោម ៦០០ ដុល្លារ៕

ប្រភពព័ត៌មាន phonearena

 

មតិយោបល់