ព័ត៌មានជាតិ

កាត់ទោសទណ្ឌិត៣នាក់ ពាក់ព័ន្ធករណីជួលរថយន្តគេទៅបញ្ចាំ លេងល្បែងនៅកាស៊ីណូណាហ្គាវើល

ភ្នំពេញៈ ទណ្ឌិតចំនួន៣នាក់ ដែលធ្លាប់ជាប់ពន្ធនាគារក្នុងបទល្មើសចាប់ជំរិតម្តងរួចមកហើយ ត្រូវបានលោក ឆែ វីរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជម្រះទោសក្នុងករណីរំលោភទំនុកចិត្តមួយដែលបានប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឡុងខែតុលា ឆ្នាំ២០១០ យោងតាមមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

បើតាមមន្ត្រីតុលាការ បានឲ្យដឹងថា ជនជាប់ចោទមានចំនួន៣នាក់ រួមមាន ទី១ឈ្មោះ ជួន ប៊ុនហ៊ីម ហៅម៉ៅ ហៅទី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ទី២ឈ្មោះ ឈូរ ឆេងប៉ ហៅលីហេង ហៅលីសំណាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅសង្កាត់អូរឫស្សី ស្រុកកំណើតឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៣ឈ្មោះ អ៊ឹង ស្រេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល រាជធានីភ្នំពេញ។

នៅក្នុងសវានាការ ជនជាប់ចោទបានឆ្លើយសារភាពថា ពួកគេពិតជាបានជួលរថយន្តចំនួន៧គ្រឿង (រថយន្តCRV ៣គ្រឿង រថយន្ត Corolla ៣គ្រឿង និងរថយន្ត Rave ៤ ១គ្រឿង) ពីឈ្មោះ ហ៊ី សោភ័ណ្ឌវិចិត្រ យកទៅជិះប្រាកដមែន ដោយព្រមព្រៀមក្នុងតម្លៃ៣០០ដុល្លារ ក្នុងមួយខែ។ ជនជាប់ចោទបន្តថា តាមពិតពួកគេជួលរថយន្តទាំងនោះ ទៅដាក់បញ្ចាំឲ្យឈ្មោះ យាយ ស និងឈ្មោះ អ៊ឹង ណាវីន នៅកាស៊ីណូណាហ្គាវើល ដើម្បីយកលុយលេងល្បែងស៊ីសងនៅទីនោះ។ ដោយលេងមិនដែលឈ្នះសោះ និងគ្មានលុយយកទៅលស់រថយន្តមកវិញ ទើបពួកគេបែកគំនិតចាប់ជំរិតបន្ថែមលើការឆបោករថយន្តតាមរយៈរូបភាពជួលជិះ ប៉ុន្តែទីបំផុតត្រូវសមត្ថកិច្ចចាប់បាន។

លោក ឈុន វីដា មេធាវីបានបញ្ជាក់ថា កូនក្តីលោកជាដើមប្តឹងរដ្ឋប្បវេណីឈ្មោះ ហ៊ី សោភ័ណ្ឌវិចិត្រ បានទាមឲ្យជនជាប់ចោទសងថ្លៃរថយន្តទាំង៧គ្រឿង តាមតម្លៃទិញលក់យោងតាមឯកសារ ដែលបានដាក់ជូនតុលាការ ទាមទារសំណងជំងឺចិត្តតាមកំណត់ហេតុដាក់ជូនតុលាការ និងសុំឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទទៅតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ កន្លងពេលកន្លងទៅ មានជនជាតិខ្មែរ (ដែលច្បាប់ហាមឃាត់មិនឲ្យចូលលេងល្បែងក្នុងកាស៊ីណូ) មិនតិចទេដែលបានផុងខ្លួនចាញ់ល្បែងនៅក្នុងកាស៊ីណូល្បីឈ្មោះប្រចាំរាជធានីភ្នំពេញ ណាហ្គាវើលនេះ។ ហើយក៏មានជនជាតិខ្មែរ មិនតិចដែលមានទោសដោយសារតែប្រព្រឹត្តបទល្មើស ក្រោយចាញ់ល្បែងនៅកាស៊ីណូណាហ្គាវើល។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ គឺនៅដើមឆ្នាំ២០១៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលសំណង់របស់កាស៊ីណូមួយនេះ ដែលរំលោភផ្លូវសាធារណៈរហូតដល់មានការដាក់អវសាន្តវាទឲ្យរុះរើចេញជាបន្ទាន់ផងដែរ។

ទោះជាយ៉ាងណា សុំរឿងខាងលើនេះ ត្រូវបានចៅក្រមសម្រេចប្រកាសនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ៕

photo_2016-05-27_16-54-31photo_2016-05-27_16-54-40photo_2016-05-27_16-54-42photo_2016-05-27_16-54-46photo_2016-05-27_16-54-48photo_2016-05-27_16-54-51

មតិយោបល់