រតនគិរីៈ រឿងរ៉ាវស្នេហាលួចលាក់ ប្រពន្ធផិតប្តី ប្តីផឹតប្រន្ធដែលពួកគេលាក់បាំងនៅពីក្រោយវាំងនននោះ ពេលនេះវាំងននខ្មៅនោះត្រូវបានបើកហើយក្រោយពេលដែលស្នេហាអាថ៌កំបាំងដែលលាក់ទុកអស់រយៈកាលជាយូរឆ្នាំកន្លងមកហើយ រវាងគ្រួសារពីររួមរស់ក្នុងស្រុកភូមិ ជាមួយគ្នាហើយក៏ត្រូវជាសែស្រឡាយបងប្អូនគ្នាផងដែរ លុះដល់ពេលបែកធ្លាយរឿងអាថ៌កំបាំងខ្មាសញាតិមិត្តភូមិផងរបងជាមួយ បែរជាផ្ទុះកំហឹងបញ្ចប់ជីវិតខ្លួនឯងដោយកាំភ្លើងកែច្នៃស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិ៣ ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី។
បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះជឿន សារិន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយធ្វើអត្តឃាតនិងមានប្រពន្ធឈ្មោះអួក ចាន់រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ហើយមានកូនស្រីម្នាក់ អាយុ៩ឆ្នាំ ។
បើតាមការឲ្យដឹងពីប្រពន្ធថា ប្តីរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយខាងស្រីអស់រយៈពេលជាយូរឆ្នាំកន្លងមកហើយ គឺជាស្នេហាអាថ៌កំបាំងស្បថស្បែនឹងគ្នាបើសិនជាត្រូវស្លាប់ គឺប្តូរស្លាប់ជាមួយនឹងគ្នា។ ស្ត្រី កំណាន់ចិត្តរបស់ប្តីនោះត្រូវបានគេស្គាល់ឈ្មោះ ថាន ធូ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយគ្នាមានប្តីឈ្មោះ ធន់ ភា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ និងមានកូនក្នុងបន្ទុកចំនួន៣នាក់។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា «មុនពេលកើតហេតុប្តីរបស់ខ្លួនបានយកកាំភ្លើងកែច្នៃគ្រាប់រំសេវទៅបាញ់គូកំណាន់ចិត្តដល់ផ្ទះដែលមានចម្ងាយពីគ្នាប្រមាណជាង ១០០ម៉ែត្រ ប៉ុណ្ណោះ ក្នុងបំណងបម្រុងបាញ់ឲ្យស្លាប់មុន តែចៃដន្យនាងមិនស្លាប់ ។ រួចក៏ត្រឡប់មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯងជាក្រោយបានសម្រេចនៅខាងក្រោយផ្ទះរបស់ខ្លួនក្បែរទ្រុងមាន់។
បើតាមការឲ្យដឹងពីស្ត្រីកំណាន់ចិត្តរបស់ ជនបង្កបានឲ្យដឹងថា នៅវេលាម៉ោងខាងលើនាងបានឃើញបុរសបង្កនៅក្នុងដៃកាន់អាវុធមួយដើមលាក់ពីក្រោយខ្នងដើរសំដៅមកផ្ទះរបស់ខ្លួនពុំមាននិយាយស្តីអ្វីក្រៅពីស្ទុះមកចាប់កដៃនាង ហើយអូសចេញទៅក្រៅផ្ទះ។ ពេលនោះនាងក៏រើបម្រះយ៉ាងខ្លាំង ហើយបុរសខាងលើលើកកាំភ្លើងកែច្នៃភ្ជង់បាញ់ឲ្យចំក្បាលតែចៃដន្យគ្រាប់កាំភ្លើងបានផ្ទុះឡើងស្របពេលដែលនាងគ្រវាសដៃសំណាងល្អគ្រាប់ផ្លាតផុត ប៉ុន្តែម្សៅរំសេវបានប៉ះផ្ទៃមុខរបស់នាងខាងស្តាំរោលរងរបួសស្រាល ចំណែកជនបង្កស្មានតែនាងត្រូវគ្រាប់ស្លាប់ហើយក៏បោះកាំភ្លើងចោលក្នុងព្រៃ ហើយស្រូតប្រញាប់ទៅផ្ទះទាញកាំភ្លើងមួយដើមទៀត មកបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកកូនមុំ លោក រ៉េន មុត អធិការរងដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុហើយធ្វើកុសល្យវិច្ច័យលើសាកសពជនបង្ក គឺជនបង្កបានបាញ់ខ្លួនឯងចំសៀតផ្កាខាងស្តាំធ្លាយទៅសៀតផ្កាខាងឆ្វេង ដោយប្រើប្រាស់កាំភ្លើងកែច្នៃចំនួន២ដើម(វែង១ដើម ខ្លី១ដើម)។ ជនបង្កបានប្រើប្រាស់ កាំភ្លើងខ្លីទៅសម្លាប់គូកំណាន់ចិត្តមិនបានសម្រេចហើយបោះចោលក្នុងព្រៃបន្ទាប់មកប្រើកាំភ្លើងវែងបាញ់សម្លាប់ខ្លួនឯងនៅក្រោមផ្ទះ។ លោក រ៉េន មុត បានឲ្យដឹងទៀតថា ករណីឃាតកម្មខាងលើនេះ គឺបង្កឡើង ដោយខ្លួនឯងពិតប្រាកដមែន។ ក្រោយពីសមត្ថកិច្ចពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមតាមប្រពៃណី។
ចំណែកនារីរងគ្រោះដែលត្រូវជាគូស្នេហ៍កំណាន់ចិត្តនោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុក៕
មតិយោបល់