ភ្នំពេញៈ នៅរសៀលថ្ងៃ៥ ខែមីនា ឆ្នាំ២០១៧ មន្ត្រីជំនាញនៃការិយាល័យបទល្មើស ជួញដូរមនុស្សកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលគេចាប់មកប្រគល់ឲ្យសមត្ថកិច្ច គឺម្នាក់ឈ្មោះ ជុន សៀវលាង ជាថៅកែក្រុមហ៊ុននៅស្រុកចិន ហើយត្រូវបានគេល្បួងឲ្យមកលេងល្បែងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំដែនថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតចាញ់លុយអស់ពីខ្លួន និងជំពាក់កាស៊ីណូ ៧៧ម៉ឺនដុល្លារ ត្រូវបានឈ្មោះ ទីង ឈូយៀន ជាថៅកែកាស៊ីណូ បញ្ជាឲ្យបក្ខពួកចាប់ខ្លួនយកទៅឃុំឃាំងក្នុងទ្រុងឆ្កែ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅផ្ទះល្វែងមួយមិនឆ្ងាយពីកាស៊ីណូប៉ុន្មាន ដើម្បីគម្រាមទារប្រាក់ពីប្រពន្ធដែលនៅឯស្រុកចិន តាមរយៈការបញ្ជូនសារ និងរូបភាពតាមប្រព័ន្ធវីឆាតទៅប្រពន្ធ។
ម្នាក់ទៀតឈ្មោះ ចាង ចៀនជាង គឺជាកូនចៅផ្ទាល់របស់ថៅកែកាស៊ីណូ ទីង ឈូយៀន ដែលគេឲ្យនៅយាមឈ្មោះ ជុន សៀវលាង និងជនជាតិចិនម្នាក់ទៀតឈ្មោះ ឡូវ ជីនស៊ិន ដែលជាប់ក្នុងទ្រុងឆ្កែដូចគ្នា ព្រោះជំពាក់លុយកាស៊ីណូ ៣០ម៉ឺនដុល្លារ ដោយ ចាង ចៀនជាង ជាអ្នកយាម ក៏ជំពាក់លុយ ទីង ឈូយៀន ចំនួន១៥ម៉ឺនដុល្លារផងដែរ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគេទាំង៣នាក់ បានរៀបគម្រោងរត់គេចខ្លួនជាមួយគ្នាមកភ្នំពេញ ដើម្បីសុំសិទ្ធិទៅប្រទេសចិនវិញពីស្ថានទូត ព្រោះលិខិតឆ្លងដែនពួកគេត្រូវបានគេដកយកអស់ តែត្រូវ ទីង ឈូយៀន ចាប់បាន២នាក់ រីឯ ឡូវ ជីនស៊ិន រត់គេចខ្លួនផុត។
ក្រោយពេលស្រាវជ្រាវយ៉ាងល្អិតល្អន់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ឈ្មោះ ទីង ឈូយៀន ជាមេខ្លោង រួមជាមួយបក្ខពួក២នាក់ទៀតឈ្មោះ ចាង ចៀនវិន, ចាង សៀវហ្វី និង ហៅ ប៉ស៊ឺ គឺជាក្រុមម៉ាហ្វៀរ ដែលតែងតែធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា និងជនបរទេសផ្សេងទៀត ប្រចាំនៅស្រុកខ្មែរ ហើយក្រុមនេះគឺជាក្រុមតែមួយ ជាមួយក្រុមម៉ាហ្វៀរ ចាប់ជំរិត៥នាក់ផ្សេងទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បង្ក្រាបបានកាលពី ខែធ្នូ ឆ្នាំ២០១៥ ព្រមទាំងរំដោះជនរងគ្រោះជាជនជាតិចិនបាន៣នាក់ ផងដែរនាពេលនោះ៕
មតិយោបល់