ព័ត៌មានជាតិ

ភ័យខ្លាចគេដេញវាយ ឡើងទៅសម្ងំលើផ្ទះគេ ត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ!

ភ្នំពេញ: បុរសម្នាក់ឡើងទៅសម្ងំលើផ្ទះប្រជាពលរដ្ឋ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសង្ស័យថាជាចោរបម្រុងលួចសម្ភារ:ក៏ចាប់វាយបែកមុខបែកមាត់ទើបប្រគល់ឲ្យសមត្ថកិច្ចចាក់អង្រែលើសួរនាំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១នឹង៣០នាទីរំលងអត្រាតឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅច្រកផ្លូវលំចូលផ្ទះប្រជាពលរដ្ឋ ម្ដុំរោងចក្រស៊ីម៉ង់ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនារីម្នាក់នៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញជនសង្ស័យខាងលើកំពុងពួនសម្ងំនៅនឹងផ្ទះប្រជាពលរដ្ឋ ហើយសង្ស័យថាជាចោរបម្រុងលួចសម្ភារ:បានស្រែកឆោឡោផ្អើលអ្នកនៅម្ដុំនោះ ក៏បានតាមចាប់ហើយវាយទៅលើជនសង្ស័យ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបានរដ្ឋបាលចាក់អង្រែលើសួរនាំ។

តាមការសាកសួរ ជនសង្ស័យបានសារភាពថា គាត់ឈ្មោះ ធូ ធា អាយុ១៧ឆ្នាំ ស្នាក់នៅស្រុកស្អាង ធ្វើការនៅក្រុងតាខ្មៅ ហើយមុនពេលកើតហេតុគាត់បានមកលេងក្លឹបនៅទីក្រុងភ្នំពេញ ខណ:ដែលចេញមកវិញក៏លេចចេញមនុស្សមួយក្រុមជិះម៉ូតូប្រហែល១០គ្រឿងមកដេញវាយគាត់ ហើយគាត់ក៏រត់ឡើងទៅសម្ងំផ្ទះប្រជាពលរដ្ឋហើយបានដេកអស់ជិត១ម៉ោង ស្រាប់តែមានប្រជាពលរដ្ឋមកចាប់វាយគាត់ និងប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលចាក់អង្រែលើធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់