ព័ត៌មានជាតិ

ក្រឡាប់រថយន្តមួយគ្រឿងនៅស្រុកសំរោង ស្លាប់២នាក់ និងរបួសធ្ងន់ស្រាល២០នាក់!!!

តាកែវ: លោកអធិការរងស្រុកសំរោង ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបានក្រឡាប់ដោយខ្លួនឯង រហូតបណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់ និង២០នាក់ទៀតរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្លាខាងកើត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ជាប្រភេទរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-4710 បើកបរដោយឈ្មោះ គ្លីនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិអូរស្លែង ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរក្នុងទិសដៅពីត្បូងមកជើង លុះដល់ចំណុចកើតហេតុក៏ក្រឡាប់តែម្តង រហូតបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ និង២០នាក់ទៀត រងរបួសធ្ងន់និងស្រាលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ផងដែរ។ចំណែករថយន្តត្រូវសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង៕

មតិយោបល់