ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលធ្វើសកម្មភាពបំពុលសុនខ!

កណ្ដាល: ជនសង្ស័យ២នាក់ដើររាយថ្នាំបំពុលឆ្កែតាមផ្លូវលំក្នុងភូមិត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់រួមជាមួយវត្ថុតាង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិម៉ីនរាម ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ក្រិត គង្គា ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិក្រាំងក្រូចខាងលិច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) និងទី២ឈ្មោះ វុន វន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិអង្រុក ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(គេចខ្លួច)។ រីឯឈ្មោះ ជឹម ជួន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរក្រុមប្រឹក្សាឃុំទួលព្រេជ នៅភូមិម៉ីនរាម ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល(ម្ចាស់ឆ្កែ)។ ផលប៉ះពាល់ងាប់សត្វឆ្កែចំនួន២ក្បាល ចំណែកវត្ថុតាងចាប់យករួមមាន ឆ្កែញីចំនួន២ក្បាល ម្សៅពណ៌សរថ្លាសង្ស័ថាសារធាតុញៀន១កញ្ចប់តូច ថង់ពណ៌សចំនួន២ កាបូបដៃពណ៌លឿងចំនួន២ ម៉ូតូម៉ាកសេរុះ១គ្រឿង និងមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាកSerusមួយគ្រឿងពណ៌លឿងគ្មានស្លាកលេខ លេខតួ031181លេខម៉ាស៊ីន031204។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើបានជិះម៉ូតូយកថ្នាំពុលបោះចោលតាមផ្លូវលំពេលឆ្កែស៊ីពុលរត់ចូលព្រៃប្រកាច់ងាប់ទើបរើសច្រកថង់សដាក់លើម៉ូតូជិះរត់ ត្រូវប្រជាពលរដ្ធឃើញហើយស្រែកនិងរាយការណ៍ជូនប៉ុស្តិ៍ជួយស្ទាក់ ពេលនោះជនសង្ស័យផ្តួលម៉ូតូរត់គេចត្រូវសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបានម្នាក់។ ហើយត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូចដាក់ក្នុងកាបូបដៃពណ៌លឿងនៅក្នុងហោបាវខោទុកដើម្បីប្រើប្រាស់។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ក្រិត គង្គា បានឆ្លើយថា ខ្លួននិងឈ្មោះ វុន វន បានមកដាក់ថ្នាំបំពុលឆ្កែពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ធានដើម្បីសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់