ព័ត៌មានជាតិ

ទំនាក់ទំនងស្នេហាតាមបណ្ដាញសង្គម! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនីតិជន អាយុក្រោម ១៥ឆ្នាំ

កណ្ដាលៈ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ៨និង០០នាទី មានករណីរួមភេទជាមួយអនីតិជន អាយុក្រោម ១៥ឆ្នាំ នៅចំនុចភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ ណ ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ណុច សុផាត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបរដឹកគ្រឿងសំណង់ មានស្រុកកំណើតនៅភូមិថ្នល់កែង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោម(អវិជ្ជមាន)ឃាត់ខ្លួន។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ ០១គ្រឿង ម៉ាក IPhone5C។

សភាពរឿងហេតុ៖ នៅមុនកើតហេតុនៅក្នុងខែមិនា ឆ្នាំ២០២០ ជនរងគ្រោះ បានយកទូរស័ព្ទម្តាយរបស់ខ្លួនឈ្មោះ ឌី សាវឿន ទៅឲ្យជាងទូរស័ព្ទបង្កើត Facebook ដោយប្រើAcount ឈ្មោះ កូនពៅ សំណព្វ ហើយជនរងគ្រោះ បានលេងFacebook ទំនាក់ទំនងស្គាល់ជនសង្ស័យតាមបណ្តាញសង្គមFacebook ដោយជនសង្ស័យប្រើAccount ឈ្មោះ Sophat QB Love បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ បានទំនាក់ទំនងស្នេហាគ្នាទៅវិញទៅមកតាមប្រព័ន្ធ Messenger (ឆាត) ហើយក្នុងពេលនោះដែរ ជនរងគ្រោះបានឆាតប្រាប់ជនសង្ស័យថា៖ ខ្ញុំមានរឿងជាមួយ ប៉ា ម៉ាក់ ខ្ញុំចង់ចេញពីផ្ទះ តែមិនដឹងទៅណាទេ ហើយជនសង្ស័យបានឆាតតបវិញថា៖ អញ្ចឹងមកនៅជាមួយខ្ញុំមក បន្ទាប់មកជនសង្ស័យបាន ឆាត ប្រាប់ឲ្យជនរងគ្រោះ ជិះរ៉ឺម៉កកង់បី និងឲ្យជនរងគ្រោះប្រាប់ទៅអ្នកបើករ៉ឺម៉ក កង់បីថា៖ ឲ្យគេជូនមកផ្លូវ២០០៤ មកក្រុងភ្នំពេញចាំបងទៅយក រួចក៏បិតឆាតទៅ។ លុះដល់ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ៧ព្រឹក ជនរងគ្រោះបានឆាតប្រាប់ជនសង្ស័យថា៖ អូនចេញទៅហើយ ក្រោយមកអ្នកទាំង០២ក៏បានជួបគ្នានៅភ្នំពេញ និងបានដេកស្នាក់នៅជាមួយគ្នាចំនួន ០២យប់នៅភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យបាននាំជនរងគ្រោះទៅស៊ីឈ្នួលដាំធូរេនឲ្យគេនៅខេត្តព្រះសីហនុ និងបានដេកស្នាក់នៅជាមួយគ្នាទីនោះមួយយប់។ លុះព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យ និងជនរងគ្រោះ បានទៅស៊ីឈ្នួលកាប់រណ្តៅដាំធូរេន ឲ្យគេនៅចំការ ខេត្តព្រះសីហនុ ហើយដល់ពេលយប់ជនសង្ស័យ និងជនរងគ្រោះ បានដេកនៅជាមួយគ្នា ហើយជនសង្ស័យបានរួមភេទជាមួយជាមួយជនរងគ្រោះបានសម្រេច ។ រហូតដល់ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យ និងជនរងគ្រោះ បាននាំគ្នាទៅស៊ីឈ្នួលដាំដើមធូរេនឲ្យគេបន្តទៀត ដល់វេលាម៉ោង ១រសៀល ថ្ងៃ ខែ ឆ្នាំដដែល ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានដើររកហើយបានឃើញជនរងគ្រោះ និងជនសង្ស័យ កំពុងនៅជាមួយជាមួយគ្នាស៊ីឈ្នួលដាំធូរេនឲ្យគេ បន្ទាប់មកក្រុមគ្រួសារសាច់ញាតិបាននាំជនរងគ្រោះ ត្រលប់មកផ្ទះវិញ ចំនែកជនសង្ស័យត្រូវបានក្រុមគ្រួសារជនរងគ្រោះ នាំមកប្រគល់ឲ្យសមត្ថកិច្ចស្រុកពញាឮ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ១និង៥នាទីរំលងអធ្រាត្រ ក្នុងពេលនោះម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់