ព័ត៌មានជាតិ

កាំបិតចិតដងឯង! បុរសម្នាក់រាយលួសឆក់កណ្តុរ មិនប្រយ័ត្នបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: បុរសម្នាក់ត្រូវបានខ្សែលួសដែលដាក់សម្រាប់ឆក់កណ្តុរឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចដីចម្ការពោតរបស់ឈ្មោះ អេង ចាន់ថា ( ជនរងគ្រោះ) ស្ថិតនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អេង ចាន់ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

វត្ថុតាងបន្សល់ទុករួមមាន អាគុយ៧០អំពែចំនួន១ ម៉ាកSAKURA និងខ្សែលួសមួយចំនួន ព្រមទាំងដុំអាំងវិចទ័រចំនួន១គ្រឿង។

តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ហុង ខន អ្នកទៅជួយសង្រ្គោះជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៥ព្រឹក ថ្ងៃកើតហេតុខាងលើ គាត់កំពុងឆក់កណ្តុរការពារមិនឲ្យកណ្តុរចូលស៊ីពោតរបស់ខ្លួន នៅខាងកើតដីចម្ការពោត របស់ឈ្មោះ អេង ចាន់ថា (ជនរងគ្រោះ) រួចខ្លួនបានបិតឧបករណ៍ឆក់ រួចដើររើសកណ្តុរតាមខ្សែលួស ពេលនោះបានឃើញ ភ្លើងហ្វាចាំងឡើងលើត្រឹមចុងពោត ក៏ស្ទុះទៅមើល ស្រាប់តែឃើញឈ្មោះ អេង ចាន់ថា ដួលផ្កាប់មុខលើខ្សែលួស ហើយខ្លួនក៏យកឫស្សី រុញខ្សែលួសចេញពីជនរងគ្រោះក៏ឃើញនៅមានចរន្តភ្លើង ហើយរត់មកដោះក្រចាប់អាគុយចេញនៅរោងរបស់គាត់ រួចទៅធ្វើចលនាដង្ហើមឲ្យជនរងគ្រោះ តែជនរងគ្រោះមិនមានដង្ហើម ព្រោះបានស្លាប់បាត់ទៅហើយ រួចក៏ជិះម៉ូតូទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះឲ្យបានដឹង និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច។

ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណ:កម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យផ្នែកជំនាញ និងក្រុមគ្រួសារសព ដើម្បីពិនិត្យកន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថានៅលើជើងខាងឆ្វេងពីក្រោមជង្គង់ដល់ភ្លៅមានស្នាមឆេះខ្លោចខ្មៅប្រវែង២០សង់ទីម៉ែត្រ ទំហំប៉ុនខ្សែលួសនៅលើប្រអប់ជើងខាងឆ្វេងមានស្នាមឆេះខ្លោចខ្មៅទំហំប៉ុនខ្សែលួសប្រវែង៨សង់ទីម៉ែត្រ នៅម្រាមដៃខាងស្តាំផ្នែកខាងក្នុងម្រាមដៃមានស្នាមឆេះខ្លោចខ្មៅទំហំប៉ុនខ្សែលួសចំនួន៣ម្រាមដៃ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងករណីឃាតកម្មទ្បើយ គឺពិតជាត្រូវបានខ្សែលួស បន្លែងពីចរន្តភ្លើងអាគុយបណ្តាលឲ្យឆក់ខ្លួនឯងប្រាកដមែន។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់