ភ្នំពេញៈ បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល ចេញផ្សាយនៅរសៀលថ្ងៃទី២៦ ខែឧសភានេះ បានឲ្យដឹងថា ក្រុមការងាររបស់ក្រសួងបានចុះបំពេញបេសកកម្ម និងពិនិត្យឡូតិ៍ខ្សាច់នៅតំបន់ប្រឡាយស្តៅតាឯក ដើម្បីត្រួតពិនិត្យការអនុវត្តន៍ និងការគោរពច្បាប់របស់ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ។
ការចុះពិនិត្យឡូតិ៍ខ្សាច់ស្ដៅតាឯកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ធ្វើឡើងដោយជាផ្ដោតសំខាន់ទៅលើសកម្មភាព និងបច្ចេកទេសបូមខ្សាច់ ដូចជា ការបូមនៅក្នុងដែនដែលកំណត់ក្នុងអាជ្ញាប័ណ្ណ ជម្រៅទឹក បច្ចេកទេសបូម ការបំពាក់ស្លាកសញ្ញាក្រុមហ៊ុន និងពិនិត្យស្ថានភាពច្រាំងទន្លេ។ល។
យ៉ាងណាក៏ដោយ ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា បេសកម្មរបស់ក្រុមមន្ត្រីជំនាញ ធ្វើឡើងជាប្រចាំបើទោះជាគ្មានបណ្ដឹងក៏ដោយ។ “ទោះបីជាមានបណ្តឹងឬពុំមានបណ្ដឹងក៏ក្រុមការងារក្រសួងរ៉ែនិងថាមពលតែងតែចុះពិនិត្យនិងតាមដានសកម្មភាពរាល់ការធ្វើអាជីវកម្មខ្សាច់នៅតាមដងទន្លេ ដើម្បីត្រួតពិនិត្យការអនុវត្ត និងការគោរពច្បាប់ របស់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ”៕
មតិយោបល់