ភ្នំពេញៈ ដំណឹងច្បាស់ការបានអះអាងថាស្នេហារបស់តារាសម្ដែងលោកអ៊ុក សុភ័ក្រ្តរិទ្ធិ និងនារីរស់នៅទីក្រុងភ្នំពេញម្នាក់កំពុងត្រូវបានអុកឡុកដោយនារីអនាមិកម្នាក់ ដែលធ្វើឲ្យស្នេហារបស់លោករង្គោះរង្គើ។ យ៉ាងណាក៏មិនមានដំណឹងថាតារាសម្ដែងរូបនេះ នឹងមានវិធានការបែបណាដើម្បីទប់ស្កាត់នោះទេ។
ទើបតែបានបញ្ចប់រឿងរ៉ាវបុរសស្រឡាញ់ភេទដូចគ្នាតាមប្រមាញ់ខ្លួនប្រាណមិនទាន់បាត់ក្លិនផង លោកអ៊ុក សុភ័ក្រ្តរិទ្ធិ ដែលត្រូវគេដឹថាបានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីម្នាក់ប្រមាណជាមួយរយៈមកហើយ ក៏មានដំណឹងថាមានមនុស្សទី៣ជានារីអនាមិកអុកឡុក។ ប្រភពដែលអាចទុកចិត្តបានអះអាងថា នារីអនាមិកបានប្រើទូរស័ព្ទប្លែកខលមកចាក់រុកសង្សាររបស់លោកដោយអះអាងថាលោកគឺជាស្វាមីលាក់មុខរបស់គេ និងបានរួមរស់ជាមួយនាងដោយមានកូនចៅផង។ នារីអនាមិកនោះមិនត្រឹមផ្ញើសារស្នើឲ្យសង្សាររបស់លោកអ៊ុក សុភ័ក្រ្តរិទ្ធិ ឈប់បន្តស្នេហាជាមួយលោកប៉ុណ្ណោះទេ គឺបានទាំងខលមកឆ្កឹះឆ្កៀលពីនេះពីនោះដើម្បីបំបែកបំបាក់មិនឲ្យស្នេហារបស់លោកបានសុខនោះផង។ អ្វីដែលគេចាប់អារម្មណ៍គឺឮថានារីជាសង្សាររបស់លោក ចាប់ផ្ដើមជឿស្លុង ហើយកំពុងសុំបែកដើម្បីបញ្ចប់រឿងតាមអ្វីដែលនារីអនាមិកអុកឡុក។
ឆ្លើយតបនឹងបញ្ហានេះ លោកអ៊ុក សុភ័ក្រ្តរិទ្ធិ ហាក់ស្ទាក់ស្ទើរក្នុងការលាតត្រដាងការពិត និងបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនៅពេលមានការចោទសួរចំៗទិសដៅ។ លោកថាខ្លួនមិនចង់លើកឡើងពីរឿងរ៉ាវឯកជននាំឲ្យមានការភ្ញាក់ផ្អើលនោះទេ ដោយសារតែការទម្លាយដោយដឹងពីបញ្ហាស្នេហាហាក់មានឥទ្ធិពលធ្វើឲ្យលោកប៉ះពាល់កេរ្តិ៍ឈ្មោះ។ យ៉ាងណាមិញ លោកបានទទួលស្គាល់ថាខ្លួនពិតជាមាននារីកំណាន់ចិត្ត និងកំពុងត្រូវបាននារីអនាមិកម្នាក់អុកឡុក ទាំងលោកមិនទាន់បានដឹងពីអត្តសញ្ញាណនៅឡើយ។
លោកថានារីម្នាក់នោះយកលេខប្លែកៗខលមក ហើយរាល់លេខដែលបានខលរួចគឺមិនដែលអាចទាក់ទងបាននោះទេ ទើបលោកមិនអាចដឹងថាតើនាងគឺមានបំណងអ្វីឲ្យច្បាស់ដែលប្រឹងព្យាយាមបំបែកបំបាក់លោក និងកំណាន់ចិត្តនោះ។ លោកថាមិនធ្លាប់ពាក់ព័ន្ធនារី និងមិនធ្លាប់រួមរស់ជាមួយអ្នកណា ហើយក៏រឹតតែមិនធ្លាប់នឹងមានកូនចៅដូចអ្វីដែលនាងនារីអនាមិកបានខលទៅឆ្កឹះឆ្កៀលសង្សាររបស់លោក ទើបលោកយល់ថានារីអនាមិកនោះទំនងជាអ្នកជិតដិតដែលស្គាល់គូស្នេហ៍របស់លោក ហើយបន្លំខ្លួននិយាយមិនពិតពីលោក ដើម្បីកុំឲ្យពួកលោកបានសុខ។ លោកថាស្នេហាដែលបានសាងឡើងកាន់តែមានសភាពផុសស្រួយ បន្ទាប់ពីការពន្យល់គ្រប់យ៉ាងរបស់លោកលែងមានឥទ្ធិពលក្រោយមានការបំផុសបំផុលមិនពិតពីសំណាក់ជនអនាមិក។ ប៉ុន្តែលោកថាមិនមានវិធានការប្ដឹងផ្ដល់នោះទេ ដោយសារតែលេខដែលនារីអនាមិកខលមក សុទ្ធតែខលវិញមិនចូលដែលមិនអាចដឹងនារីនោះជាអ្នកណា៕
មតិយោបល់