ព័ត៌មានជាតិ

អ្នកលេងហ្វេសប៊ុកប្រយ័ត្នដូចរឿងនេះ! … ចុងក្រោយគុកបើកទ្វារចាំ!

ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបារាជធានីភ្នំពេញបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ថតរូបសង្សារ អាក្រាតកាយ គំរាមទារប្រាក់។

យោងតាមរាបាយការណ៍សមត្ថកិច្ចជនសង្ស័យមានឈ្មោះ ម៉ម ភ័ក្ត្រា ហៅ ភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះជាសង្សារ ដែលបានប្តឹងពីបទ គំរាមកំហែងហែកកេរ្តិ៍ គំរាមទារប្រាក់ចំនួន ៥០០ដុល្លារអាមេរិក ជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយរបស់នាង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យនិងនារីរងគ្រោះ គឺជាសង្សារហ្នឹងគេយូរឆ្នាំហើយ ដែលផ្តើមចេញពីការស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតបានរួមរស់ជាមួយគ្នា ជាច្រើនលើកច្រើនសារ ហើយនៅពេលនៅជាមួយគ្នា ជនសង្ស័យតែងតែថតរូបនារីរងគ្រោះ អាក្រាតកាយទុក។ លុះក្រោយមក ជនសង្ស័យក៏បានប្រើប្រាស់រូបអាក្រាតកាយទាំងនោះ គំរាមទារប្រាក់ពីនារីរងគ្រោះរហូតមក។ ដោយសារតែនារីរងគ្រោះទ្រាំមិនបាន ក៏បានសុំជនសង្ស័យបែកគ្នា ប៉ុន្តែជនសង្ស័យមិនព្រម និងបន្តគំរាមបង្ហោះរូបភាពនោះបើមិនឲ្យលុយ ទើបនារីរងគ្រោះសម្រេចដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ភាគីជនសង្ស័យបាន យល់ព្រមសងសំណងចំនួន ៥០០០ដូល្លារទៅជនរងគ្រោះដើម្បីបញ្ចប់រឿង ហើយភាគីរងគ្រោះក៏យល់ព្រម ប៉ុន្តែតំណាងអយ្យការមិនយល់ព្រម និងបញ្ជាឲ្យនាំខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

សមត្ថកិច្ចបានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់