កណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនាំយកមកសួរនាំ ព្រោះតែឃើញដេកនៅលើបង់ក្នុងទីសាធារណៈហើយមានរក្សាទុកនូវអាវុធជាប់នឹងខ្លួន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារមាត់ទន្លេតាខ្មៅ ភូមិតាខ្មៅ១ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌួង ប៉ូរ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងដកហូតរួមមាន ដែកបីជ្រុងចុងស្រួចដងឈើរាងអក្សរតេចំនួន១ប្រវែង១៩សង់ទីម៉ែត្រ កាបូបដៃពណ៌សូកូឡា១ ខ្សែដៃធ្វើអំពីលោហធាតុពណ៌ប្រាក់១ខ្សែប្រវែង២០សង់ទីម៉ែត្រអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក និងសៀវភៅគ្រួសារថតចម្លង១សន្លឹក។
ប្រភពដដែលបានបន្តថា នៅមុនពេលប្រតិបត្តិការខាងលើ មានប្រជាពលរដ្ឋដើរហាត់ប្រាណ បានឃើញជនសង្ស័យដេកនៅលើបង់នៅកន្លែងកើតហេតុខាងលើ ដោយមានការសង្ស័យក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យឆែករកឃើញវត្ថុតាងដូចខាងលើដែលជនសង្ស័យលាក់ទុកនៅក្នុងហោប៉ៅខោហើយក៏ឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានបានរក្សាទុកនូវវត្ថុតាងដូចខាងលើក្នុងហោប៉ៅខោប្រាកដមែនប៉ុន្តែមិនមានបំណងយកទៅប្រព្រឹត្តអំពើអ្វីមួយឡើយគឺខ្លួនរើសបាននៅកន្លែងកើតហេតុ ពេលខ្លួនស្រវឹស្រា។ចំពោះបញ្ហាគ្រឿងញៀនវិញខ្លួនធ្លាប់បានប្រើប្រាស់អស់រយ:ពេលប្រហែលជាងដប់ឆ្នាំមកហើយតែឥឡូវឈប់ប្រើប្រាស់
ទៀតហើយ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់