ភ្នំពេញៈ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកបើកឡានឲ្យក្រុមហ៊ុន កម្ពុជាតេលា បានដេកស្លាប់នៅក្នុងបន្ទប់ជួលប្រពន្ធក្រោយ ហើយគេអះអាងថា ការស្លាប់នេះដោយសារខ្យល់គ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលម៉ោង ៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ផ្លូវអូឌឹមកប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ បាន ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ បើកឡានដឹកប្រេងសាំងឲ្យក្រុមហ៊ុន កម្ពុជាតេលា ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធក្រោយ នៅកន្លែងកើតហេតុខាងលើ និងមានស្រុកំណើតនៅភូមិកាំភ្លើង ឃុំកំពង់អំពិល ស្រុកពារាំ ខេត្តព្រៃវែង។ រីឯប្រពន្ធក្រោយមានឈ្មោះ កែវ ស្រីធា អាយុ ៣៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ស្នាក់ផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិគគរ ឃុំក្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។ ចំណែកឯប្រពន្ធដើមមានឈ្មោះ រុណ ថាវី អាយុជាង ៤០ឆ្នាំ មានកូនប្រុស ២នាក់ មានទីលំនៅភូមិកាំភ្លើង ឃុំកំពង់អំពិល ស្រុកពារាំ ខេត្តព្រៃវែង។
សមត្ថកិច្ចបានបន្តទៀតថា នៅល្ងាចមុនកើតហេតុ ជនរងគ្រោះហើយនិងប្រពន្ធបានចេញពីកន្លែងធ្វើការរាងៗខ្លួន ខណៈពេលហូបបាយល្ងាចរួចហើយ ពួកគេបានចូលដេកទាំង ២នាក់នៅក្នុងបន្ទប់ខាងលើ រហូតដល់ម៉ោងកើតហេតុ ប្រពន្ធជនរងគ្រោះបានហៅជនរងគ្រោះឲ្យក្រោកទៅកន្លែងធ្វើការដូចសពដង ខណៈយកដៃទៅអង្រួនខ្លួនប្តី ស្រាប់តែដងខ្លួនប្តីត្រជាក់រឹងដូចគល់អូសមិនដឹងខ្លួន ក៏ស្រែកឆោឡោថា ប្តីគាត់ស្លាប់ហើយឲ្យអ្នកជិតខាងមកជួយ រួចបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងមកចោមរោមមើល រួចក៏បានរាយការទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅកន្លែងកើហេតុ។
ក្រោយពីកើតហេតុ ប្រពន្ធក្រោយបានខលទៅលេខទូរសព្ទប្រពន្ធដើមឲ្យមកយកសពប្តីទៅធ្វើបុណ្យ ខណៈពេលប្រពន្ធដើមបានមកដល់បន្ទប់ជួលខាងលើ ដោយមិនបានប្តឹងផ្តល់ប្រពន្ធក្រោយទេ គឺសូមយកតែសពប្តីយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតែប៉ុណ្ណោះ៕
មតិយោបល់