ភ្នំពេញៈ ក្រោយពីរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃបានបញ្ជាទិញរថយន្តពីក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលមានទឹកប្រាក់ចំនួន ៣៩,៧២៥,៣៧៦,០០០រៀល (ជិត១០លានដុល្លារ) ហើយនោះ សេចក្តីត្រូវការរបស់ពលរដ្ឋនៅតែមិនទាន់គ្រប់គ្រាន់។ ក៏ព្រោះតែ រថយន្តទាំងជាង១០០គ្រឿងនេះ មិនទាន់មានការចែកចាយ និងឈរជើងដល់តាមទីជនបទ ឬតំបន់ដាច់ស្រយាល។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីចែក រថយន្តពន្លត់អគ្គិភ័យ ដែលទើបទិញពីប្រទេសចិនថ្មីៗ ជូនដល់បណ្តាស្នងការដ្ឋាននគរបាលតាមបណ្តាខេត្ត ដើម្បីយកទៅបម្រើដល់សកម្មភាពផ្សេងៗ ដូចជាគ្រោះអគ្គិភ័យ ការខ្វះខាតទឹកប្រើប្រាស់ជាដើម។
រថយន្តដែលប្រគល់ជាផ្លូវការដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ គឺមានចំនួន១១៣គ្រឿង សុទ្ធសឹងជាប្រភទ ISUZU ម៉ាក FTR គុណភាព១០០% ផលិតនៅឆ្នាំ២០១៥។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ការទិញបន្ថែមរថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿងនេះ ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ ដោយចែកចាយទៅតាមបណ្តាខេត្តចំនួន៩៩គ្រឿង និងរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃក្រសួងមហាផ្ទៃ។
មន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ខ្ពស់ថែមទៀត៕
មតិយោបល់