ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) លោក ឆៃ សុធា មេគយបន្ទាយមានជ័យ បើកដៃ ទើបកូនចៅធ្វើ

ភ្នំពេញៈ ក្រុមមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនៅទូទាំងខេត្តបន្ទាយមានជ័យ ពិសេសអ្នកនៅក្រុងប៉ោយប៉ែតតែម្តង បានខ្សឹបប្រាប់នាយក្តាមប្រៃ យើងឲ្យដឹងថា លោក ឆៃ សុធា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ កាលគាត់ធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ឥឡូវពេលនេះ គាត់មកធ្វើជាប្រធានសាខាគយខេត្តបន្ទាយមានជ័យ កាន់តែប្រព្រឹត្តអំពើអាក្រក់ខ្លាំងឡើង។

ក្រុមមន្ត្រីទាំងនោះ បានខ្សឹបប្រាប់ទៀតថា នៅតាមផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត ដល់ខេត្តបន្ទាយមានជ័យ លោក ឆៃ សុធា បើកដៃឲ្យកូនចៅក្រោមឱវាទបង្កើតកុងត្រូលជជុះជាច្រើនកន្លែង ដើម្បីជំរិតទារលុយពីឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្តរបស់ខ្លួន ទោះបីជាទំនិញស្របច្បាប់ ក៏មន្ត្រីគយដែលជាកូនចៅលោក ឆៃ សុធា នោះដេញចាប់ឲ្យបង់លុយ ដោយគ្មានវិក្កយបត្រដែរ បើមិនឲ្យតាមការទាមទារទេ គឺគំរាមចាប់យកទៅស្នាក់ការ។

ប្រភពខាងលើ បានខ្សឹបប្រាប់នាយក្តាមប្រៃឲ្យដឹងថា លោក ឆៃ សុធា បានចាត់តាំងឲ្យក្រុមមន្ត្រីគយក្រោមឱវាទ ដាក់កុងត្រូលជជុះឈរជើងនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ធ្វើសកម្មភាពមិនខុសពីក្រុមចាប់ជំរិតឡើយ ដោយពួកគេបើករថយន្ត១គ្រឿង ដេញតាមបុករថយន្តតាក់ស៊ីដឹកទំនិញ ហើយចាប់អ្នកបើករថយន្តតាក់ស៊ី វាយធ្វើទារុណកម្មយ៉ាងដំណំ។ បញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនត្រូវមើលរំលង ឬបណ្ដែតបណ្ដោយតទៅទៀតនោះទេ។ ពិសេសលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មេត្តាជួយដោះស្រាយដល់អ្នករត់តាក់ស៊ី អ្នកបើករថយន្តឈ្នួល ដែលរងការគាបសង្កត់សព្វបែបយ៉ាងពីសំណាក់មន្ត្រីគយនៅផ្លូវជាតិលេខ៥នេះផង។

ក្រុមមន្ត្រី បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា រឿងអាស្រូវពុករលួយរបស់មន្ត្រីគយខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក ឆៃ សុធា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដោយឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញ ធ្លាប់បិទផ្លូវតវ៉ាជាច្រើនលើកច្រើនសារមកហើយ។ ប្រភពនៅបានខ្សឹបប្រាប់នាយក្តាមប្រៃឲ្យដឹងទៀតថា ក្រុមមន្ត្រីគយកូនចៅលោក ឆៃ សុធា បានដាក់កុងត្រូលនៅក្នុងភូមិកូនដំរី ដើម្បីដេញតាម និងស្ទាក់ចាប់ ព្រមទាំងបង្ខំឲ្យអ្នករត់តាក់ស៊ីដឹកជញ្ជូនទំនិញបង់លុយក្នុងមួយខែ១៥០ដុល្លារ នេះជាអំពើខុសច្បាប់ និងជាអំពើពុករលួយ ព្រោះទំនិញទាំងនោះ បានបង់ពន្ធនៅច្រកព្រំដែនរួចទៅហើយ។

ក្រុមមន្ត្រីដដែល បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា រឿងរ៉ាវពុករលួយ ហើយខ្លាំងជាគេនោះ គឺមន្ត្រីគយតែម្តង ដែលពុករលួយ និងកៀបស៊ីឆៅៗតែម្តង តែគេមិនដែលឃើញលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការស៊ើបអង្កេតរឿងអាស្រូវរបស់មន្ត្រីគយម្តងណាទេ ពិសេសគយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះតែម្តង៕

photo_2016-05-26_14-22-38

មតិយោបល់