ភ្នំពេញៈ ដូចការកំណត់ការប្រគុំតន្ត្រីបរិស្ថានឆ្នាំ២០១៦ នឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី២៦ ខែឧសភានេះទៅហើយ ក្រោមប្រធានបទ «វៃឆ្លាត បរិស្ថានស្អាត» ដែលរំពឹងថា នឹងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ហើយក៏ជាការបោះជំហ៊ានទៅមុខថ្មីមួយទៀត ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបសារអប់រំផ្សេងៗ ដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ឲ្យបានយល់ដឹងពីសារៈប្រយោជន៍នៃបរិស្ថាន។
ព្រឹត្តការណ៍ការប្រគុំតន្រ្តីបរិស្ថានលើកទី១ នៅខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋគ្រប់រូប នឹងបានយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីកិច្ចគាំពារបរិស្ថាន ដែលរួមមានការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដើម្បីទ្រទ្រង់ដល់ការរស់នៅប្រកបដោយចីរភាព។
ប្រធានបទ «វៃឆ្លាត បរិស្ថានស្អាត» មានអត្ថន័យយ៉ាងទូលំទូលាយថា “យើងទាំងអស់គ្នា ចេះ និងយល់ដឹង មានការទទួលខុសត្រូវ ព្រមទាំងចូលរួម ដើម្បីធ្វើឲ្យបរិស្ថានជុំវិញខ្លួនយើងស្អាត គ្មានការចោលសំណល់រឹង សំរាមផ្តេសផ្តាស មិនបំពុលបរិស្ថាន ព្រមទាំងការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទដែលកម្ពុជា មានឲ្យបានគង់វង្សល្អសម្រាប់មនុស្សជំនាន់យើង និងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ម៉្យាងវិញទៀត វៃឆ្លាត គឺយើងទាំងអស់គ្នាចេះសន្សំសំចៃការប្រើប្រាស់ធនធានធម្មជាតិ និងប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងចូលរួមក្នុងការអភិរក្សជីវៈចម្រុះ ដើម្បីការពារដែនដីរបស់យើងទាំងអស់គ្នា”។
លើសពីនេះ នៅមុនការប្រគុំតន្រ្តី មានព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ដែលរស់នៅក្នុងខេត្តមួយនេះ បានរួមគ្នាដាំកូនឈើមុនការប្រគុំតន្រ្តី ដើម្បីបង្ហាញអំពីឆន្ទៈក្នុងការចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្ត្រី និងលោកស្រី ប៉ាល់ យឿន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ហើយក៏ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តនេះផងដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ បានថ្លែងថា ការរៀបចំឲ្យមានកម្មវិធីសាលាមេត្រីបរិស្ថាន និងអារាមបរិស្ថាន ដើម្បីបញ្ជ្រាបការយល់ដឹង ផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋឲ្យមានការគិតគូ និងស្រឡាញ់បរិស្ថាន។ ដូចនេះ ក្រសួងបរិស្ថាន សូមអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅមួយចំនួនដូចជាការគ្រប់គ្រង ការវេចខ្ចប់ និងការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដើម្បីរួមចំណែកដល់កិច្ចគាំពារបរិស្ថាន និងការរស់នៅដោយចីរភាព រួមគ្នាកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅរបស់ភពផែនដី៕
មតិយោបល់