ព្រៃវែងៈ ថ្ងៃទី២៦និង២៧ ខែឧសភា ឆ្នាំ២០១៦ នេះនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជូនដល់នាយ នាយរង និងមន្រ្តីនគរបាលចរាចរណ៍នៅក្នុងខេត្តព្រៃវែង ដែលមានមានមន្រ្តីនគរបាលចរាចរណ៍ ខេត្ត ស្រុក ក្រុង ទាំង ១៣ ចំនួន៥០រូបពិធីនេះស្ថិតក្រោមអធិបតីភាពលោកសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី រស់ វណ្ណា ស្នងការរងនគរបាលខេត្តព្រៃវែង បានចូលរួមជាគណៈអធិបតីក្នុងពិធី បើកវគ្គព្រមជាមួយមន្រ្តីនគរបាលថ្នាក់ខេត្តមួយចំនួនទៀត។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាកបាទក្រហមកម្ពុជា និងបានទទួលការឧបត្ថម្ភបច្ចេកទេស និងថវិកាអំពីអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹងដែលហៅកាត់ថា (IARD) ដែលជាអង្គការអន្តរជាតិមួយមិនរកផលកម្រៃ និងមានបេសកកម្មចម្បងចូលរួមកាត់បន្ថយផលប៉ះពាល់ពីការពិសារគ្រឿងស្រវឹងនិងជំរុញឲ្យមានការទទួលទានគ្រឿងស្រវឹងប្រកបដោយការទួលខុសត្រូវនៅទូទាំងពិភពលោក។
គោលបំណងចម្បងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះមាន (១) ផ្ដល់ចំណេះដឹងបន្ថែមពីឥទ្ធិពលនៃគ្រឿងស្រវឹងចំពោះរាងកាយ សកម្មភាពបើកបរនិងលើកទឹកចិត្តឲ្យមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាប់ប្រចាំ និងគ្រប់ទិសទី(២)បង្កើនជំនាញវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ឧបករណ៍វាស់ជាតិអាល់កុលសម្រាប់ និងរឹតបន្តឹងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងដល់ភ្នាក់ងារនគរបាលចរាចរណ៍ ទី(៣)ភ្នាក់ងារនគរបាលចរាចរណ៍មានសមត្ថភាពក្នុងការបង្កើតផែនការរឹតបន្ដឹងប្រកបដោយប្រសិទ្ធភាព និងមានសូចនាករវាស់វែងជាក់លាក់ ទី(៤)ភ្នាក់ងារនគរបាលចរាចរណ៍មានសមត្ថភាពពន្យល់ពីផលវិបាក នៃគ្រឿងស្រវឹងដល់អ្នកបើកបរ និងជនល្មើសនៅតាមគោលដៅរឹតបន្ដឹងច្បាប់ ហើយនិងណែនាំឲ្យមានការផ្លាស់ប្ដូរឥរិយាបទបើកបរចៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
បើទោះបីជាការទទួលទានជាតិស្រវឹង គឺជាជម្រើស និងសិទ្ធិមួយរបស់បុគ្គល ហើយវាបានដើរតួនាទីលើចំណែកណាមួយនៅក្នុងបរិបទសង្គមក៏ដោយ ប៉ុន្ដែការទទួលទានដោយខុសឆ្គង នឹងនាំឲ្យកើតមានបញ្ហាសុខភាព និងសង្គម ពិសេសជាមូលហេតុចម្បងដែលបណ្តាលឲ្យមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍កើតឡើងព្រមជាមួយ នឹងភាពធ្ងន់ធ្ងរនៃរបួសស្នាមដែលបន្សល់ដោយគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ។
យោងតាមរបាយការណ៍បឋមនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៥កន្លងមក មានជនរងគ្រោះដល់ស្លាប់សរុបចំនួន២ ២៣១នាក់ និងរងរបួសធ្ងន់ធ្ងរចំនួន៥ ៤៥០នាក់។ គ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅតែជាមូលហេតុនាំមុខទីពីរដែលបង្ករឲ្យមានគ្រោះថ្នាក់ដល់ស្លាប់មានអត្រាប្រមាណ១៧% ធៀបនឹងអត្រាស្លាប់សរុប ពោលគឺមានមនុស្សស្លាប់ចំនួន ៣៨៧នាក់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះអត្រាស្លាប់ក្នុងគ្រោះថ្នាក់ដោយសារបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបានកើនឡើងគួរកត់សម្គាល់គឺរហូតដល់៤២%។
ឆ្លងតាមបទពិសោធន៍ និងមេរៀនជាសកលដែលទទួលបាននាពេលកន្លងមក យើងជឿរជាក់យ៉ាងមុតមាំថា ការរួមបញ្ជូលគ្នារវាងការអប់រំការផ្តល់នូវព័ត៌មានដំណោះស្រាយសមស្របនឹងអាចអនុវត្តបានរួមជាមួយ នឹងការរឹតបន្ដឹងប្រកបដោយវិជ្ជាជីវៈ និងមានមានឧបករណ៍គ្រប់គ្រាន់ នឹងរួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយចំនួនជនរងគ្រោះថ្នាក់ដល់ស្លាប់ និងរបួសធ្ងន់ធ្ងរបានជាពិសេសទៅទៀត នឹងអាចមានឥទ្ធិពលដល់ឥរិយាបទនៃអ្នកបើកបរទៀតផងតាមរយៈគំរោងនេះ យើងនឹងអាចជួយបង្កើតបាននូវវប្បធម៌មិនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងឈានដល់ការកាត់បន្ថយជាបន្តបន្ទាប់នូវការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅប្រទេសកម្ពុជា៕
មតិយោបល់