ព័ត៌មានជាតិ

ផ្សិតប៉ក់ខ្មែរ កំពុងពេញនិយម នៅលើទីផ្សារក្នុងប្រទេសថៃ

បាត់ដំបងៈ នៅចុងខែមេសា និងក្នុងខែឧសភា ដែលជារដូវភ្លៀងធ្លាក់នាដើមឆ្នាំ គឺជាពេលវេលាដែលប្រជាកសិករខ្មែរមួយចំនួនដែលរស់នៅតាមតំបន់ភ្នំ និងតំបន់ ខ្ពង់រាប ចាប់ផ្តើមដើរប្រមូលផលផ្សិតមួយប្រភេទដែលមានឈ្មោះថា « ផ្សិតប៉ក់ » ដែលជាប្រភេទផ្សិតម៉្យាងដុះជាហ្វូងៗ នៅក្នុងតំបន់ដីល្បាយខ្សាច់ ហើយក៏បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។

យោងតាមសេចក្តីរាយការណ៍ពីប្រភពមួយនៅក្នុងឃុំស៊ីវិឈាន ស្រុកណាំយឺនខេត្តអ៊ុបុន រ៉ាចថានី ប្រទេសថៃ បានឲ្យដឹងថា ថ្មីៗនេះនៅក្នុងទីផ្សារដែលស្ថិតនៅជាប់នឹងព្រំដែនថៃ កម្ពុជា គឺមានទំនិញសព្វសារពើដែលសូម្បីតែសត្វចង្រិត កណ្តូបក៏មានមិនខ្វះដែរ ទាំងនេះគឺជាការនាំមកលក់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។

ទន្ទឹមនឹងនេះផងដែរក៏គេសង្គេតឃើញថា មានផ្សិតមួយប្រភេទ ដែលជនជាតិខ្មែរកំពុងតែសម្រុកដឹងឆ្លងដែនយកទៅលក់នៅក្នុងទីផ្សារលើទឹកដីថៃយ៉ាងគគ្រឹកគគ្រេង គឺមានឈ្មោះថា ផ្សិតប៉ក់ គឺជាផ្សិតមួយប្រភេទដែលដុះតែម្តងគត់ក្នុងមួយឆ្នាំ គឺក្នុងអំឡុងចុងខែមេសា និងក្នុងខែឧសភា ពិសេសគឺនៅដើមរដូវវស្សា។ ប្រជាកសិករខ្មែរមួយរូបដែលជាអ្នកនាំ ផ្សិតប៉ក់ នេះយកទៅលក់នៅលើទីផ្សារប្រទេសថៃបាននិយាយថា ផ្សិតនេះគឺចូលចិត្តដុះជាហ្វូងនៅលើដីល្បាយខ្សាច់ ក្នុងតំបន់ខ្ពង់រាប និងក្នុងតំបន់ភ្នំ ហើយវានឹងចាយមកលើដីទាំងអស់នៅពេលដែលមានភ្លៀងធ្លាក់ជោកជាំ ហើយនៅពេលនោះគឺគេលែងបរិភោគហើយ ម៉្យាងវិញទៀត ផ្សិតប៉ក់នេះគឺជនជាតិថៃ គេនិយមទិញពិសាណាស់ ដោយមួយគីឡូក្រាមលក់នៅក្នុងតំបន់ខ្សែបន្ទាត់ព្រំដែន
បាន១២០បាត គឺមានប៉ុន្មានឈ្មួញថៃគេលើកយកទាំងអស់ មិនដែលសល់ឡើយ។

ដូច្នេះហើយបានជាមួយរយៈនេះគេសង្គេតឃើញថា ប្រជាកសិករខ្មែរបានដឹកជញ្ជូនផ្សិតប្រភេទនេះដូចហែរកឋិនចូលតាមច្រកមួយចំនួនទៅលក់នៅក្នុងទឹកដីថៃយ៉ាងពពាក់ពពូន ។

ស្ត្រីវ័យ៥៥ឆ្នាំ ឈ្មោះ អាណុង តាំងវង់ឆៃ ជាជនជាតិថៃ បាននិយាយថា ក្រោយពេលភ្លៀងធ្លាក់ដំបូងនាដើមរដូវវស្សា គឺផ្សិតនេះចាប់ផ្តើមដុះហើយដែលដុះតាមបែបធម្មជាតិ គ្មានសារធាតុគីមីឡើយ ហើយម៉្យាងវិញទៀតផ្សិតប៉ក់ គឺជាអាហារពិសេសសម្រាប់ជនជាតិឥ្ឍសាន្ត បើទោះបីជាផ្សិតនេះមានតម្លៃថ្លៃក៏ដោយ ក៏គេគិតថាក្នុងមួយឆ្នាំ មានតែម្តងគត់សម្រាប់ការដុះរបស់ផ្សិតនេះ។

ស្ត្រីរូបនេះបានបន្តថា ឆ្នាំនេះផ្សិតប៉ក់មានតម្លៃឡើងរហូតដល់ ពី៦០០បាត ទៅ៨០០បាតនៅលើទីផ្សារក្នុងប្រទេសថៃ ដូច្នេះក្រុមឈ្មួញថៃអាចរកប្រាក់ចំណេញក្នុងមួយថ្ងៃៗគឺបានរាប់ពាន់បាត ព្រោះគេទិញពីប្រជាកសិករខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងតម្លៃមួយគីឡូក្រាមតែ១២០បាត តែប៉ុណ្ណោះ ដោយគេយកមកលក់នៅក្នុងប្រទេសថៃក្នុងមួយគីឡូក្រាមពី៦០០ទៅ៨០០បាត។

បច្ចុប្បន្នការនាំចូលនូវប្រភេទផ្សិតប៉ក់នេះ នៅតែបន្តយ៉ាងគគ្រឹកគគ្រេងតាមច្រកនានាទៅកាន់ទីផ្សារក្នុងប្រទេសថៃ ព្រោះជនជាតិថៃ ពិសេសគឺជនជាតិឥ្ឍសាន្ត គេនិយមជាទីបំផុតសម្រាប់យកទៅធ្វើជាអាហារ យ៉ាងឆ្ងាញ់ពិសា៕

photo_2016-05-26_16-47-20photo_2016-05-26_16-47-19photo_2016-05-26_16-47-18

មតិយោបល់