ភ្នំពេញៈ នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាលសន្តិសុខ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យ ដេវីត តាមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ឌី វជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានឃាត់ខ្លួន មេខ្លោងឆបោកធំៗ២ នាក់ ក្នុងក្រុមហ៊ុន FUGI Investment Excellence ទីតាំងនៅលើផ្លូវ រដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញដើម្បី យកទៅសួរចម្លើយ និងចាត់ វិធានការតាមផ្លូវច្បាប់។
ជនដែលបានឆបោក ប្រជាពលរដ្ឋក្នុងគម្រោងវិនិយោគខ្យល់ ជាទ្រង់ទ្រាយ ពីរ៉ាមីត ដែលសមត្ថកិច្ចចាប់ខ្លួនបានរួមមាន៖
១.លោក លី សែនលាភ ជា អគ្គនាយក ក្រុម ហ៊ុន FUGI
២.កញ្ញា សូ សុធារត្ន័ ជា អ្នកប្រមូលលុយពីអតិថិជនឲ្យ FUGI
សង្ស័យពាក់ព័ន្ធករណី ឆបោក រំលោភសេចក្តីទុកចិត្ត ក្នុងការ លួងលោម អតិថិជន ជាង១៥០នាក់ វិនិយោគជាមួយក្រុមហ៊ុន FUGI Investment Excellence ជាង ៦លានដុល្លារ ដែលក្រុមហ៊ុនសន្យាផ្តល់ជាការប្រាក់ជូនវិញ ដល់ទៅ ៩.៨ភាគរយ ក្នុងមួយខែជារាងរាល់ខែ។ ប៉ុន្តែតាំងពីដាក់លុយខែ កក្កដា ឆ្នាំ ២០១៦ ដល់ថ្ងៃនេះ អតិថិជន ទាំងអស់ មិនបានទទួលការប្រាក់តាមអ្វីដែលក្រុមហ៊ុនបានកំណត់និងសន្យានោះទេ ហើយអភិបាលក្រុមហ៊ុនបានព្យាយាមគេចវេសពីកាតព្វកិច្ចទទួលខុសត្រូវទាំងស្រុង។
គួរបញ្ជាក់ថា គម្រោងបោកប្រាស់ របស់ក្រុមហ៊ុនFUGI ខាងលើ គឺមិនខុសគ្នា ពី ករណីបញ្ឆោតបោកប្រាស់ សន្យាឲ្យកាប្រាក់ខ្ពស់ហួសមេឃ EBC/AIF/ICA ដែល បានបោកប្រាស់ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ហើយកំពុងជាប់គាំងដោះមិនរួចព្រោះមេខ្លោងធំៗ បានរត់គេចខ្លួនអស់ប៉ុន្មានទេ គ្រាន់តែករណីFUGI ខាងលើនេះគឺដោយបានសមត្ថកិច្ច ដែលមានឆន្ទៈខ្ពស់បាន ធ្វើការទប់ស្កាត់ទាន់ពេលវេលា ចាប់មេខ្លោង និងគូកន ក្នុងគម្រោងបោកនេះដោយការស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំរបស់កម្លាំងនគរបាលកណ្តាលសន្តិសុខ ដើម្បីបំបែក សំណុំរឿង រកយុត្តិធម៍ ជូនប្រជាពលរដ្ឋរងគ្រោះ និងទប់ស្កាត់ទាន់ពេលវាលា មិនឲ្យក្រុមហ៊ុននេះមានឳកាសបោកនាក់ផ្សេងត ទៅទៀតឡើយ។
លោក ឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យដេវីត ក៏ បាន ស្នើសុំមហាជនទាំងអស់សូមមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះគម្រោងវិនិយោគរបស់បុគ្គល ឬ ក្រុមហ៊ុនណាដែលលួងលោមផ្តល់ការ ចំណេញខ្ពស់ហួសស្មានហើយ ស្រួលៗ និង ទៀងពេក ដើម្បី កាត់បន្ថយហានិភ័យយើង ត្រូវចាញ់បោក គេអស់លុយអស់កាក់។ នាយកដ្ឋានកណ្តាលសន្តិសុខ ក៏ សូម រំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ជួយបន្ត ផ្តល់ព័ត៌មានឬតំរុយ សង្ស័យបើជួបប្រទះករណី ឆបោក ដូចខាងលើ មក HOTLINE ២៤ ម៉ោងរបស់នាយកដ្ឋាន លេខ 031 20 12345 / 031 60 12345៕
មតិយោបល់