ព័ត៌មានជាតិ

ប្តីដើមមកផ្ទះចំពេលប្រពន្ធមានប្តីចុង ត្រូវគេព្រួតវាយរងរបួសធ្ងន់!

កណ្តាលៈ មានករណីហិង្សាមួយកើតឡើងដោយចេតនា រវាងប្តីដើម និងប្តីចុងបណ្តាលឲ្យបុរសជាប្តីដើមបានរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ហុំ តូនី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។ រីឯជនសង្ស័យ២នាក់(ឃាត់ខ្លួនបាន១នាក់) មានឈ្មោះ រី គង់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ តុង លិន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរកសិករ(គេចខ្លួន)។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា ជនរងគ្រោះបានចុះចេញពីផ្ទះចោលប្រពន្ធកូនជាយូរឆ្នាំមកហើយ ដោយទៅរស់នៅក្នុងភូមិព្រែកឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ជាស្រុកកំណើតរបស់ខ្លួន ក៏ប៉ុន្តែជនរងគ្រោះ តែងតែមកលេងប្រពន្ធកូនជារឿយៗ លុះនៅពេលកើតហេតុខាងលើ ជនរងគ្រោះបានមកលេងកូននៅឯផ្ទះក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ពេលមកដល់ផ្ទះស្រាប់តែឃើញប្រុសម្នាក់(ជនសង្ស័យឈ្មោះ រី គង់) នៅជាមួយប្រពន្ធរបស់ខ្លួន ក៏បានសួរប្រពន្ធថាគេជានរណានៅពេលនោះប្រពន្ធបានឆ្លើយថាគឺជាប្ដីរបស់ខ្លួនឈ្មោះ រី គង់(ដែលទើបរៀបសែនព្រេន) ខណៈនោះជនរងគ្រោះ បានហៅជនសង្ស័យឈ្មោះ រី គង់ មកនិយាយគ្នា ស្រាប់តែពេលនោះឈ្មោះ តុង លិន បានស្ទុះមកវាយជនរងគ្រោះ រួមនិងឈ្មោះ រី គង់ ក៏បានចេញពីក្នុងផ្ទះមកព្រួតគ្នាវាយជនរងគ្រោះបណ្ដាលឲ្យបែកក្បាល និងហើមមុខ ដោយជនរងគ្រោះពុំអាចតបតបាន ទើបជនរងគ្រោះរត់គេចចេញតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូនបានមកដល់កន្លែងកើតហេតុ រួចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ រី គង់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ចំណែកឈ្មោះ តុង លិន បានរត់គេចខ្លួនបាត់៕

មតិយោបល់