បន្ទាយមានជ័យៈ ក្មេងប្រុសម្នាក់ត្រូវបានគោយន្តកន្ត្រៃកិនស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលជិះកង់ចេញពីសាលារៀន។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ វី ចាន់នី អាយុ១២ឆ្នាំ រៀននៅថ្នាក់ទី៤ នៃសាលាបឋមសិក្សាអូរស្ងួត។ បច្ចុប្បន្នរស់នៅភូមិចង្ហាលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមការរៀបរាប់របស់មិត្តភក្តិក្មេងប្រុសរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុគឺពួកគេទាំងអស់គ្នាបានជិះកង់ចេញពីសាលា លុះជិះឡើងដល់ថ្នល់ជាតិជួនចំពេលដែលគោយន្តកន្ត្រៃបើកមកដល់ដែរ ឃើញដូច្នោះមិត្តគេឈ្មោះ ចាន់នី ក៏បានតោងកន្ទុយគោយន្តនោះរហូតមកដល់ចំណុចកើតហេតុគោយន្តក៏បានបត់យ៉ាងលឿនចុះពីលើថ្នល់ជាតិ។ កន្ទុយគោយន្តក៏បានបោកទៅលើក្មេងប្រុសរងគ្រោះបណ្តាលឲ្យដួលកង់ហើយក្មេងប្រុសចាន់នីបានខ្ទាតចូលទៅក្រោមកង់គោយន្តកន្ត្រៃនោះកិនចំពាក់កណ្តាលខ្លួនស្លាប់មួយរំពេច។
ក្រោយពេលកើតហេតុ អ្នកបើកគោយន្តកន្ត្រៃបានបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុប្រហែលជិតមួយគីឡូម៉ែត្រទើបចុះរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីវាស់វែងនិងនាំយកវត្ថុតាងបង្កមករក្សាទុករងចាំដោះស្រាយពេលក្រោយ រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់