ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់

តាកែវ: នៅវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ ស្ថិតក្នុងភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនម៉ាក បើកបុកមនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ ស ទូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានជិះកង់លើផ្លូវជាតិ នៅពេលយប់សំដៅទៅផ្ទះ តែជាអកុសលត្រូវរថយន្ត បើកមកពីទិសខាងជើងទៅត្បូង ស្របគ្នាបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច ភ្លាមៗនោះ រថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក សមត្ថកិច្ចនឹងបន្តការស្រាវជ្រាវ៕

មតិយោបល់