ព័ត៌មានជាតិ

អង្គុយផឹកស៊ីស្រូបខ្យល់អាកាសក្បែរផ្លូវ មានអីត្រូវនារីម្នាក់បើករថយន្តបុកទាំងកំរោល របួសធ្ងន់ស្រាល៥នាក់ !

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតបុកមនុស្សមួយក្រុមដែលកំពុងអង្គុយផឹកស៊ីក្បែរផ្លូវទាំងកំរាល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក Lexus Rx300 ពណ៌ខ្មៅ ពាកស្លាកលេខ ភ្នំពេញ 2l-4726 បើកបរដោយឈ្មោះ អូន ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្រូច ឃុំ
ជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើករថយន្តពីថ្នល់ជាតិលេខ១ ចូលផ្លូវលំភូមិរទាំង លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៏ជ្រុលទៅបុកមនុស្សកំពុងអង្គុយផឹកស៊ី នៅក្បែរផ្លូវនោះ បណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់និងស្រាល។

អ្នកទាំង៥នាក់ ទី១មានឈ្មោះ ប៊ន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មុខរបរកម្មករ (របួសធ្ងន់), ទី២.ឈ្មោះ ឱ វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករ (របួសធ្ងន់),ទី៣.ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង (ស្នាក់នៅភូមិធំធ្វើ កម្មករ) ,ទី៤.ឈ្មោះ ប៉ាក ពឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅខេត្ត ព្រៃវែង (ស្នាក់នៅ ភូមិធំ ធ្វើកម្មករ) (រងរបួសស្រាល ) និងជនរងគ្រោះទី៥ឈ្មោះ ស៊ីណា ចាន់លីហ្សា ភេទស្រី អាយុ២ឆ្នាំ រស់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួលស្រាល។ បច្ចុប្បន្នអ្នករងគ្រោះទាំង៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៅឯភ្នំពេញ៕

មតិយោបល់