ក្រុមជើងខ្លាំងអេស្ប៉ាញ Barcelona នៅតែទទួលការបដិសេធពីសំណាក់ក្រុម ហង្សក្រហម Liverpool ក្នុងការលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho បើទោះបីជា តម្លៃខ្លួនមានការកើនឡើងក្តី។
Daily Mail បានឲ្យដឹងថា ក្រុម Barcelona បានដាក់សំណើរជាថ្មីម្តងទៀត ក្នុងតម្លៃ ៧២លានផោន ស្មើនឹង ៨០លានអឺរ៉ូ ក្នុងការទិញយកកីឡាករ Philippe Coutinho ពីក្រុម Liverpool ។ យ៉ាងណាវិញ បើទោះបីជា តម្លៃនេះមានការប្រែប្រួលខុសពីមុនក៍ដោយ ក៍ក្រុមហង្សក្រហម Liverpool នៅតែបន្តបដិសេធ មិនព្រមលក់ Coutinho ទៅឲ្យ ក្រុម Barcelona ដដែល។ ការបដិសេធនេះ មិនមែនមានន័យថា Liverpool ទុក Coutinho លក់ឲ្យក្រុមផ្សេងឡើយ គឺហង្សក្រហម មានបំណងចង់រក្សាទុក ខ្សែបម្រើប្រយុទ្ធប្រេស៊ីលរូបនេះ ដើម្បី បន្តជួយក្រុមក្នុងយុទ្ធនាការណ៍ សំខាន់ៗជាច្រើន នារដូវកាលក្រោយ ស្របពេលដែល Liverpool កំពុងតែស្រេកឃ្លានពានរង្វាន់យ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា Liverpool បានបដិសេធ សំណើររបស់ក្រុម Barcelona ជាច្រើនលើកមកហើយ ខណៈ Barcelona នៅតែចិញ្ចឹមចិត្តចង់បាន Philippe Coutinho ដដែល ដើម្បីយកទៅជំនួស Andre Iniesta ដែលវ័យកាន់តែជ្រេទៅហើយនោះ។ ជាការពិតណាស់ Barcelona កំពុងតែអាចបាត់បង់ខ្សែប្រយុទ្ធ Neymar ដែលនិងចាកចេញទៅ Paris Saint Germain ដូច្នេះហើយ Barcelona ចង់បាន Philippe Coutinho យ៉ាងខ្លាំង បើទោះបីជាទទួលការបដិសេធ ជាច្រើនលើក ពីក្រុម Liverpool ក៍ដោយ។
មតិយោបល់