ព័ត៌មានជាតិ

ស្រ្តីជនជាតិចិនបើករថយន្តឆ្លងផ្លូវបុកជាមួយម៉ូតូរបួសស្រ្តីពោះធំម្នាក់ និង២នាក់យាយចៅទៀត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលស្រ្តីជាជនជាតិចិនម្នាក់ បើករថយន្តឆ្លងផ្លូវបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួស ៣នាក់ ក្នុងនោះមានស្រ្តីពោះធំម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងចូលសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីម្នាក់ ជាជនជាតិចិនបើករថយន្តម៉ាកព្រូស ពាក់ស្លាកលេខ 2AK-0900 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ទីតាំងកន្លែងកើតហេតុ ចំណុចផ្លូវកែងបានបត់ឆ្វេងស្របពេលនោះ មានម៉ូតូស្ស៊ូមឺ ១គ្រឿងក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GT-2102 ជិះគ្នា ៣នាក់ក្នុងនោះមានស្រ្តីពោះធំជិតគ្រប់ខែម្នាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យខាងភាគីម៉ូតូរបួសទាំងអស់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ ចុះវាស់វែងយករក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់