ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្ដាលៈ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនបានជនសង្ស័យ២នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៤០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ២នាក់ទី១ឈ្មោះ ឈឹម វ៉ាន់នី ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២ឈ្មោះប៉ុង ប៉េង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមាន ម្សៅពណ៌សថ្លាសង្ស័យសារធាតុញៀន២កញ្ចប់តូច ដែកកេះ៤ និងថង់វេចខ្ចប់មួយចំនួន។

នៅមុនពេលប្រតិបត្តិការខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល បានទទួលព័ត៌មានពីមហាជនថា មានមនុស្សមួយក្រុមកំពុងប្រើប្រាស់ថ្នាំញៀន ទើបកម្លាំងចុះទៅដល់ធ្វើការត្រួតពិនិត្យរកឃើញម្សៅពណ៌សថ្លា សង្ស័យថាសារធាតុញៀន២កញ្ចប់តូចនិងឧបករណ៍ប្រើប្រាស់មួយចំនួន។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ុង ប៉េង បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីម្តុំផ្សារអង្គ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ (មិនស្គាល់អ្នកលក់ក្នុងតម្លៃ ៦ម៉ឺនរៀលយកមកប្រើប្រាស់)។

បច្ចុប្បន្នសង្ស័យទាំអ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់