នៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះ អ្នកនាង យុគ ចិន្តា បានដឹកដៃកូនស្រីវ័យ១៤ឆ្នាំរបស់ខ្លួនទៅប្រលងចម្រៀងក្នុងកម្មវិធី Asian Art Festival ២០១៧ នៅក្នុងប្រទេសសិង្ហបុរី ក្រោមការបញ្ជូនទៅរបស់សាលាស្រណោះតន្ត្រី។ អ្នកនាងនៅតែប្រកាសជំហរថា នឹងបំពេញបំណងកូនស្រីឲ្យក្លាយជាតារាចម្រៀងល្បីម្នាក់ ដោយមិនបង្ខំឲ្យនាងធ្វើជាពិធីការិនីតាមលំនាំរបស់ខ្លួននោះទេ។
អ្នកនាងបានថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនចេញដំណើរថា អ្នកនាងសប្បាយចិត្តណាស់ ដែលបានកូនស្រីមានឱកាសទៅប្រកួតចម្រៀងជាមួយនិង១០ប្រទេសផ្សេងទៀត នៅក្នុងប្រទេសអាស៊ាន។ អ្នកនាងនៅតែមិនរំពឹងពីរឿងឈ្នះមេដៃត្រលប់មកវិញនោះទេ បើទោះជាលោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រីបានអះអាងថា កូនស្រីរបស់អ្នកនាង សង្ឃឹមឈ្នះមេដៃច្រើនពីការប្រកួត ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដានោះ។ អ្នកនាងថានឹងជំរុញកូនស្រីឲ្យក្លាយជាតារាចម្រៀងល្បីម្នាក់ ទើបអ្នកនាងចំណាយលុយកាក់ឲ្យកូនស្រីហ្វឹកហាត់ព្យាណូតាំង៤ឆ្នាំមុន នឹងបានចំណាយលុយឲ្យហាតច្រៀងផង ជាមួយនឹងគ្រូបង្វឹកដែលមានជំនាញច្បាស់លាស់។ អ្នកនាងប្រកាសថា មិនចង់ឲ្យកូនស្រីមានតែទេពកោសល្យ ហើយខ្វះឯកទេសនោះទេ ដោយថែមទាំងរំពឹងខ្ពស់ថា ការជំរុញរបស់ខ្លួននឹងបានសម្រេចដោយមិនពិបាក។ អ្នកនាងថាកូនស្រីរបស់អ្នកនាងមានសមត្ថភាពល្អហើយ គឺខ្វះតែការជំរុញបន្ថែមប៉ុណ្ណោះ ដូច្នេះហើយទើបអ្នកនាងប្រកាសវែកផ្លូវឲ្យកូនស្រី ឲ្យទាល់តែបានក្លាយជាតារាចម្រៀងល្បីម្នាក់ក្នុងពេលខាងមុខ។
លោក សូ ស្រណោះ និយាយថា កូនស្រីរបស់អ្នកនាងយុគ ចិន្តា មានសមត្ថភាពស្ទាត់ទាំងព្យាណូ និងចម្រៀង តែលោកសម្រេចមិនឲ្យនាងទៅប្រកួតព្យាណូនោះទេ ដោយសារតែនាងមានទឹកដមសំលេងអាចទទួលបានមេដៃមាសច្រើនជាង។ លោកថាកូនស្រីរបស់អ្នកនាងយុគ ចិន្តា មិនពិបាកក្លាយខ្លួនជាតារាចម្រៀងល្បីម្នាក់នោះទេ ដោយសារតែនាងមានម្ដាយដែលមានឥទ្ធិពលក្នុងពិភពសិល្បៈ ហើយសមត្ថភាពសំឡេងក៏មិនធម្មតាស្រាប់។ លោកថាការចេញប្រកួតចម្រៀង និងតន្ត្រីនៅក្នុងប្រទេសសិង្ហបុរីជាលើកទី១របស់កម្ពុជានេះ លោកបានបញ្ជូនសិស្សសរុបចំនួន២១រូប ដោយពួកគេត្រូវប្រកូតលើវិញ្ញាសារចម្រៀង ព្យាណូ និងវីយូឡុង។ ក្នុងនោះការចេញដំណើរនៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះ ក៏មានវត្តមានរបស់អាណាព្យាបាលសិស្សអមដំណើរទៅជាមួយផងដែរ។ លោករំពឹងថាបេក្ខភាពដែលលោកបញ្ជូនទៅទាំងអស់ នឹងឈ្នះមេដៃមាសត្រលប់មកវិញខ្លះៗ ខណៈដែលកូនស្រីរបស់អ្នកនាង យុគ ចិន្តា គឺយុគ ដាពេជ្រ ហៅអម គឺជាបេក្ខភាពមួយរូបដែលលោករំពឹងខ្ពស់៕
មតិយោបល់