កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកលើកដែក ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពផ្ទុះហិង្សាកាប់ទៅលើភាគីម្ខាងទៀត បណ្តាលឲ្យរងរបួសបែកក្បាល ដោយសារតែរឿងទំនាស់ព្រំដីជាយូរណាស់មកហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីស្រែចុងព្រែកសាមគ្គី ភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អេង សុភក្រ្ត័ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិក្អមសំណរលើ ឃុំក្អមសំណរលើ ស្រុកលើកដែក ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១ ឈ្មោះ ហ៊ល លីហ៊ង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល និងទី២ឈ្មោះ ហ៊ល ភស័ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ស្នាក់នៅឃុំជាមួយគ្នា។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង មាន៖ កាំបិតផ្គាក់ ដងវែងសម្រាប់ត្រួសស្មៅចំនួន១ (ជារបស់ជនរងគ្រោះ) ,កណ្តៀវចំនួន១ (ជារបស់ជនសង្ស័យ)។
សូមបញ្ជាក់ថា៖ ក្រុមគ្រួសារជនរងគ្រោះ និងក្រុមគ្រួសារជនសង្ស័យមានទំនាស់គ្នាជាយូរយាណាស់មកហើយពីរឿងព្រំដី។ លុះនៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះថា ទៅកាប់ព្រៃតាមខ្នងព្រែកក្បាលដីរបស់ខ្លួន ពេលនោះបានឃើញត្រាក់ទ័ររបស់ឈ្មោះជនសង្ស័យ បរកាត់ទទឹងលើដីរបស់ខ្លួនពេល ទើបជនរងគ្រោះប្រាប់ទៅជនសង្ស័យថា កុំឲ្យបរកាត់លើដីរបស់ខ្លួនស្រាប់តែមានការប្រកែកគ្នាទៅវិញទៅមក រហូតដល់មានការប្រតាយគ្នារវាងជនសង្ស័យនិងជនរងគ្រោះ ខណៈនោះឈ្មោះជនសង្ស័យ ដែលត្រូវជាបងជនសង្ស័យម្នាក់ទៀត បានយកកណ្ដៀវដែលខ្លួនកាន់នឹងដៃវាយទៅលើឈ្មោះ ភ័ក្រ្ដ ចំក្បាលបណ្ដាលឲ្យរងរបួស។ ចំណែកឯឈ្មោះជនសង្ស័យជាប្អូនម្នាក់ទៀត ក្រោយពេលដណ្ដើមបានកាំបិតហើយក៏ដេញកាប់ជនរងគ្រោះទៀត ប៉ុន្តែដោយដេញមិនទាន់ ក៏ត្រឡប់ទៅកន្លែងត្រាក់ទ័រវិញ រួចបើកទៅកន្លែងដីស្រូវវិញ។ រីឯជនរងគ្រោះបានប្រញាប់រត់ឡើងទៅកើត បានជួបនិងបងប្អូនក៏បញ្ជូនមកមន្ទីរពេទ្យតែម្ដងទៅ។
ក្រោយកើតហេតុហើយនោះ ជនសង្ស័យទាំង២នាក់ បានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្អមសំណរ និងកម្លាំងជំនាញយុត្តិធម៌នាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់