ព័ត៌មានជាតិ

ករណីឃាតកម្ម សម្លាប់បុរសម្នាក់ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ លោក ខែម សោភ័ណ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អង្គភាព Post News នៅរសៀលថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧នេះថា យ៉ាងហោចណាស់ជនសង្ស័យចំនួន៤នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និង៣នាក់ទៀត កំពុងបន្តគេចខ្លួនក្រោយពីបានធ្វើសកម្មភាព វាយសម្លាប់យុវជនម្នាក់ ដែលជាអ្នករត់តាក់ស៊ីកាលពីវេលាម៉ោង ១៣ និង៣០ នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវចំការខ្នុរកែងនឹងផ្លូវចំការត្របែក ស្ថិតក្នុងភូមិ-សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ។

លោកបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ជា រដ្ឋថុល ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ។ ចំណែកជនដៃឈ្មោះ ហេង ឃៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា និងបក្សពួក ០៥នាក់ទៀត៖ ទី១-ឈ្មោះ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ នៅសាលាអន្តរជាតិ, ទី២-ឈ្មោះ ឡុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំពង់ស្វាយ និងបក្សពួក០៣នាក់ ទៀត មិនស្គាល់ឈ្មោះកំពុងតាមចាប់ខ្លួន។

លោក ខែម សោភ័ណ បានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមជនល្មើសបានឲ្យឈ្មោះ ឡុង ទូរសព្ទ័ទៅប្រាប់ជនរងគ្រោះថា មានម៉ូយម៉ៅឡាន កំពុងរង់ចាំនៅផ្លូវចំការខ្នុរ ច្រកចូលផ្លូវចំការត្របែក។ នៅពេលដែលជនរង បើករថយន្តទៅដល់ និងចុះពីលើរថយន្ត ក្រុមជនល្មើសក៏បានយកម៉ាឡេត វាយទៅលើជនរងគ្រោះឲ្យដួលសន្លប់ រួចនាំគ្នាចងលើកដាក់លើរថយន្តរបស់ជនរងគ្រោះ។

ហេតុការនេះត្រូវបានប្រជាពលរដ្ឋក្បែរនោះ ចោមរោមមើលតែក្រុមជនដៃដល់បានកុហក អ្នកឃើញនៅកន្លែងកើតហេតុនោះថា ក្រុមខ្លួនជានគរបាល កំពុងប្រតិបត្តិការចាប់ជនល្មើស រួចហើយក៏បើករថយន្តចេញទៅ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឈ្មោះ ហេង ឃៀង បាននិយាយថា បន្ទាប់ពីលើកជនរងគ្រោះ ដាក់លើរថយន្ត ដោយបើកទៅជិតសួនស្នេហ៍ ជនរងគ្រោះបានត្រដរខ្យល់ស្លាប់តែម្តង។ នៅពេលនោះ ពួកគេក៏បានយកសាកសពជនរងគ្រោះ ទៅដុតដើម្បីបំផ្លាញភស្តុតាង នៅវត្តពង្រ ដោយពួកគេកុហកក្រុមតាអាចារ្យថា សពបញ្ជូនមកពីថៃបងប្អូនគ្មានលទ្ធភាពដឹកយកទៅស្រុក ទើបត្រូវដុតយកឆ្អឹងទៅធ្វើបុណ្យ។

ដោយមានការសហការពីកម្លាំងនគរបាលជំនាញការិយាល័យគ្រឿងញៀន កម្លាំងអធិការក្រុងសិរីសោភ័ណ និងកម្លាំងជំនាញព្រហ្មទណ្ឌ ទើបធ្វើឲ្យប្រតិបត្តិការពេញមួយយប់នេះ ចាប់បានជនដៃបង្ក និងបក្សពួកចំនួន៤នាក់ ជាបន្តបន្ទាប់ ហើយក៏កំពុងដុតដៃដុតជើងតាមប្រម៉ាញ់៣នាក់ ដែលគេចខ្លួនផងដែរ៕

មតិយោបល់