ព័ត៌មានជាតិ

ប្ដីស្រវឹងស្រាល នឹកឃើញអតីតរឿងប្រពន្ធផិតក្បត់ ក៏វាយប្រពន្ធ១ដៃចំភ្នែកខាងឆ្វេង បណ្ដាលឲ្យហើមជាំ

កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មានករណីអំពើហិង្សា ក្នុងគ្រួសារ កើតហេតុនៅវេលាម៉ោង ០៩ និង៣០ នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្ទះសាម៉ីខ្លួនទាំងពីរ ស្ថិតភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះសៀង សុភាព ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ មានស្នាមហើម ជាំភ្នែកខាងឆ្វេងចំនួន ១កន្លែង។

ជនសង្ស័យ ឈ្មោះ ចាន់ គឹមជឿន ភេទប្រុស អាយុ៣៦ ឆ្នាំ (ត្រូវជាប្ដី) ជនជាតិ ខ្មែរ មុខរបរកសិករ (ឃាត់ខ្លួន) មានទីលំនៅ ៗ ភូមិឃុំ កើតហេតុខាងលើ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១ និង៣០នាទីយប់ ឈ្មោះ ចាន់ គឹមជឿន មានសភាពស្រវឹងស្រាបៀរ ហើយមកដល់ផ្ទះផឹកស្រាបៀរបន្ដទៀត ក៏បានឃើញមុខប្រពន្ធ ឈ្មោះ សៀង សុភាព ក៏នឹកឃើញរឿងអតីតកាល ដែលប្រចណ្ឌ័ប្រពន្ធមានប្រុសលួចលាក់ពេលលែងលះគ្នា ភ្លាមនោះ ឈ្មោះចាន់ គឹមជឿន បានដាល់ប្រពន្ធចំនួន ១ដៃចំភ្នែកខាងឆ្វេង បណ្ដាលឲ្យហើមជាំតែម្ដង ។

ក្រោយពេលទទួលបានព៌ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាលន់ បានអន្ដរាគមន៍ដល់កន្លែងកើតហេតុ នឹងបានឃាត់ខ្លួនឈ្មោះចាន់ គឹមជឿន យកមកសាកសួរ ដើម្បីបន្ដអនុវត្តន៍តាមនីតិវិធីច្បាប់៕

មតិយោបល់