ព័ត៌មានជាតិ

ករណីរំលោភសម្លាប់ នៅស្រុកម៉ាឡៃ សមត្ថកិច្ចពុំទាន់បំបែករឿងក្ដីបានទេ

បន្ទាយមានជ័យៈ រហូតមកទល់ពេលនេះ សំណុំរឿងរំលោភសម្លាប់ នៅក្នុងភូមិទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចនៅពុំទាន់អាចបំបែករឿងក្ដី បាននៅឡើយទេ ខណៈជនសង្ស័យ កំពុងបន្តគេចខ្លួន។

ជុំវិញនៃការគេចខ្លួនរបស់ជនសង្ស័យនេះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រកាសជូនរង្វាន់ចំនួន១០០ដុល្លារ ដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានឃើញ និងផ្តល់ពត៌មានដល់សមត្ថកិច្ច ឈានទៅដល់ការចាប់ខ្លួនបាន។

សូមបញ្ជាក់ថា ហេតុការណ៍រំលោភនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ដោយបណ្តាលឲ្យនារីក្រមុំអភ័ព្វវ័យ១៨ឆ្នាំម្នាក់ បានស្លាប់នៅក្នុងទឹកវាលស្រែទាំងរូបកាយអាក្រាត។

ជនបង្កឈ្មោះ ជីម តាក់ អាយុ២៥ឆ្នាំ គេចខ្លួនបាត់ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភ រួចសម្លាប់នាងក្រមុំរងគ្រោះ។ តែទោះបីជាមិនទាន់ចាប់ខ្លួនបានមែន លោក ខែម សោភ័ណ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិយាយថា សមត្ថកិច្ចបានកំណត់មុខសញ្ញា និងសាវតាជនសង្ស័យរួចហើយ សង្ឃឹមថាមិនយូរទេសមត្ថកិច្ចនឹងចាប់ខ្លួនបាន យកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់