ភ្នំពេញៈ យោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យក្រុមអ្នកសារព័ត៌មានដឹង តាម Telegram ថា លោកស្រី ស៊ឺ វណ្ណី ជាព្រះរាជអាជ្ញារងបានបើកការសើបសួរដោយចោទប្រកាន់លើឈ្មោះ សុខ ហេង និងឈ្មោះ នុត រស្មី ពីបទ ហិង្សាលើអ្នកកាន់កាប់អចលនាវត្ថុដោយសុចរិត យោងតាមមាត្រា ២៥៣ នៃច្បាប់ភូមិបាល។
លោកបន្ដថា លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង២រូបនេះ ហើយនឹងបន្តចំណាត់ការតាមនីតិវិធី។
គួររំលឹកថា សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន៖
-ទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨ WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-ទី២ ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល
និងមនុស្ស ចំនួន ៥នាក់ទៀត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដាក់ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បានរៀបរាប់ថា ឧកញ៉ា សុខ ហេង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ពាក្យស្នើសុំធ្វើរបងដីមួយកន្លែង មានទំហំ ២១៤,៨០០ម៉ែត្រការ៉េទៅសាលាសង្កាត់ពន្សាំង និងសាលាខណ្ឌព្រែកព្នៅ។
ទីតាំងដីដែលត្រូវធ្វើរបងនោះនៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានព្រំប្រទល់៖
-ខាងជើងទល់នឹងដីពលរដ្ឋ
-ខាងត្បូងទល់នឹងដីរួមសង្កាត់ស្នោរ សង្កាត់ឱឡោក និងអូរ
-ខាងកើតទល់នឹងផ្លូបេតុង
-ខាងលិចទល់នឹងផ្លូវលំគ្រួសក្រហម
លុះដល់ថ្ងៃទី៧ ដល់ទី៩ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា សុខ ហេង និងបក្ខពួកចំនួន ៦នាក់ទៀតបាន យកបង្គោលស៊ីម៉ងត៍ បង្គោលឈើ លួស បន្លា ទៅដាំធ្វើរបងនៅលើដីជាកម្មសិទ្ធិរបស់ពលរដ្ឋឈ្មោះ លីវ សុហួង ឈ្មោះ លឹម សុជាតិ និងឈ្មោះ មាស រ៉ាវុធ ដែលជាដីនៅខុសពីទីតាំងដែលបានស្នើសុំធ្វើរបងទៅវិញ។
ក្រោយពេលដែលពលរដ្ឋឃើញឧកញ៉ សុខ ហេង និងបក្ខពួក ធ្វើរបងរំលោភយកដីបែបនោះក៏បានដាក់ពាក្យប្តឹងទៅ អាជ្ញាធរមូលដ្ឋាន រហូតមាន មន្ត្រីភូមិបាលខណ្ឌព្រែកព្នៅ ចុះទៅឃាត់ឧកញ៉ា សុខ ហេង និងបក្ខពួក កុំឱ្យធ្វើរបងរំលោភដីពលរដ្ឋ ប៉ុន្តែក្រុមជនសង្ស័យមិនព្រមឈប់ និងបានប្រើហិង្សារំលោភធ្វើរបងយកដីពលរដ្ឋ ដោយមិនស្តាប់អាជ្ញាធរឡើយ ទើបមានការប្តឹងឱ្យចាប់ខ្លួនឧកញ៉ា សុខ ហេង និងបក្ខពួកតែម្តងទៅ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ក៏មានមេភូមិ មេភូមិរង ចំនួន ៨នាក់ ទៅដាក់ពាក្យប្តឹង ឧកញ៉ា សុខ ហេង និងឈ្មោះ នុត រស្មី ជាជំនួយការ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ ពាក់ព័ន្ធករណី ដែលឧកញ៉ា និងជំនួយការ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បាន បញ្ជាឱ្យពួកគាត់ជាមេភូមិ មេភូមិរង កោសលុប និងកែព្រំប្រទល់ដីធ្លី ចំនួន ៨២ ហិកតា មានទីតាំងនៅតំបន់វាលស្មោញ ចំនួន ៦១ហិចតា និងតំបន់ភូមិចុងថ្នល់ ចំនួន ២១ហិចតា ទៅដាក់ព្រំប្រទល់ថ្មីលើឯកសារចាស់ដែលផ្ទេរកម្មសិទ្ធិរួច ចំនួន ៤ច្បាប់ ដោយកែដាក់ព្រំថ្មីរំលោភយកដីប្រជាពលរដ្ឋចំនួន ១៣០ ហិកតា នៅចំណុចក្តាន់ពង ដែលជាដីរួម ៧ភូមិ រួមមាន៖ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ ភូមិទួល ភូមិតាស្គរ និងភូមិព្រៃស្វាយ នៅទីតាំងផ្សេងពីដីដែល ឧកញ៉ា សុខ ហេង និងឈ្មោះ នុត រស្មី បានទិញពីពលរដ្ឋ។
ក្រោយពីបាន កោសលុប និងកែព្រំប្រទល់ដីរួច ឧកញ៉ សុខ ហេង បានយកឯកសារកោសលុប និងលុយ ២ម៉ឺនដុល្លារ ទៅឱ្យលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដើម្បីយកទៅឱ្យលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ចុះហត្ថលេខា ទទួលស្គាល់ឯកសារកោសលុប និងធ្វើឯកសារឱ្យឧកញ៉ា សុខ ហេង អាចលក់ដី ១៣០ហិកតា នៅតំបន់ក្តាន់ពង ទៅឱ្យក្រុមហ៊ុនពិភពថ្មីបាន ប៉ុន្តែនៅពេលនោះលោកស្រី ឌី សារៀម មិនព្រមធ្វើតាមបញ្ជាលោក សុខ សម្បត្តិ នោះទេ ព្រោះតែលោកស្រីមើលឃើញថាឯកសារនោះ ជាឯកសារខុសច្បាប់៕
https://youtu.be/Emrdwmc35RY
មតិយោបល់