ព័ត៌មានជាតិ

ចាប់វាយខ្នោះជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចដេញតាមពីក្រោយចាប់វាយខ្នោះភ្លាមៗ កាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខរោងចក្រ ទឹកដោះ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក តូច គីមសុង នាយប៉ុស្តិ៍ឫស្សីកែវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើ ទី១-ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវបេតុង ក្រុម១២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងទី២-ឈ្មោះ អេង សំបូរ ហៅបូរ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ២៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ម ស្រីរ័ត្ន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវបេតុង ក្រុម១៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក តូច គីមសុង បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាក SopcoyI ពណ៌ក្រហម គ្មានស្លាកលេខ ដោយធ្វើដំណើរចេញពីផ្ទះនៅម្តុំភូមិសាមគ្គី គោលបំណងទៅញុំាអីនៅផ្សារទំនើប អ៊ីអន ខណៈដែលធ្វើដំណើរ ស្រាប់តែមានជនសង្ស័យ ២នាក់បានជិះម៉ូតូ មួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-9189 មកពីក្រោយ ហើយក៏បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ក្រោយពីពួកគេទាំង ២នាក់ធ្វើសកម្មភាពឆក់កាបូបរួចមក ពួកគេបាននាំគ្នាជិះគេចខ្លួន ខណៈនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យទាំង ២នាក់ ហើយក៏បានស្រែកចោរៗផ្អើលឆោឡោដល់កម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងនៅគោលដៅពួនស្ទាក់។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវធ្វើការដេញតាម និងសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់បានតែម្តង នៅត្រង់ចំណុចមុខរោងចក្រ ទឹកដោះគោក តាមបណ្តោយផ្លូវជាតិលេខ៥។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើរួចមក កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីសាកសួរ។ ចំណែកឯសម្ភារៈដែលដកហូតបានជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលឫស្សីកែវ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់