ព័ត៌មានជាតិ

Update៖ រន្ធត់ខ្លាំងណាស់គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នាក្នុងទីតាំងតែមួយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងមានការផ្ទុះអាវុធ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ហើយសាហាវខ្លាំងបំផុតនៅទីតាំងតែមួយ បង្កឡើងដោយសារតែរថយន្តដឹកខ្សាច់ បើកទៅបុករថយន្តបាឡែនយ៉ាងពេញទំហឹង ហើយរថយន្តដឹកខ្សាច់ក្រឡាប់ផ្ញារជើង តែមិនមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដែលនៅតាមបណ្តោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលជិះម៉ូតូទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់នោះមានឈ្មោះ ភា សំបូរ អាយុ៣៦ឆ្នាំ មានមុខរបរ ជាងសំណង់ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិដំណាកចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមសម្តីសាក្សីដែលឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយគេបានឃើញបុរសម្នាក់បានបើកបរម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DF-1512 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខភោជនីយដ្ឋាន តារា ស្រាប់តែបុរសរងគ្រោះជិះទៅបុកនឹងរបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលនៅជិតនោះ បាននាំគ្នាទៅជួយបុរសរងគ្រោះខាងលើ និងយកម៉ូតូមកដាក់អែបខាង រួចក៏បានធ្វើការទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកយកជនរងគ្រោះទៅកាន់មន្ទីរ តែជាអកុសល នៅពេលដែលរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅការិយាល័យជំនាញ ផ្នែកចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះខាងលើឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន។ ស្រាប់តែភ្លាមៗនោះ ក៏កើតមាននៅករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត បង្កឡើងដោយរថយន្តដឹកខ្សាច់ មួយគ្រឿង ម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0183 បានមកបើកបុកពីក្រោយរថយន្ត១គ្រឿង ម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3750 ដែលធ្វើដំណើរស្របទិសគ្នា ខណៈមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តដឹកខ្សាច់បានបើកមកវ៉ាខាងស្តាំដៃរថយន្តបាឡែន ហើយក៏បានបួងចង្កូតមកឆ្វេងដៃវិញបណ្តាលឲ្យរថយន្តក្រឡាប់ផ្ញារជើង។ ក្រោយពីរថយន្តក្រឡាប់ផ្ញារជើងរួចមក ម្ចាស់រថយន្តបង្កក៏រត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចនៅជិតកន្លែងកើតហេតុនោះ បានធ្វើការដេញតាមជនបង្ក ពីក្រោយ ហើយក៏មានការផ្ទុះអាវុធចំនួន ៥ទៅ៦គ្រាប់ដែរ ដើម្បីឃាត់ខ្លួនជនបង្កខាងលើ។

ក្រោយពីឃាត់ខ្លួនជនបង្កនេះរួចមក សមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏បញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តផង ចំណែកឯម្ចាស់រថយន្តបាឡែន ពុំមានការរងរបួសនោះទេ។

ក្រោយមក សមត្ថកិច្ចចរាចរណ៍បានធ្វើការវាសវែងយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕

មតិយោបល់