ក្រចេះ: គួរឲ្យសោកស្តាយបំផុត ផ្ទះប្រជាពលរដ្ឋចំនួន៤គ្រួសារ ស្ថិតក្នុងភូមិព្រែកសំរោងក្រោម ឃំុខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវអគ្គីភ័យឆាបឆេះម៉ត់គ្មានសល់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ។
នគរបាលខេត្តក្រចេះបានឲ្យដឹងថា ផ្ទះចំនួន៤គ្រួសារ គឺផ្ទះ២គ្រួសារ មានចំនួន៣ខ្នង និង២គ្រួសារទៀតមានចំនួន៤ខ្នង ដែលធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោរសន្ធៅ បើទោះជាមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលបាលខេត្តក្រចេះចំនួន៣គ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងណាក្តី ក៏មិនអាចជួយពន្លត់ភ្លើងដែលកំពុងតែឆាបឆេះនោះបានឡើយ ដោយសារខ្យល់ខ្លាំងពេក ។
ចំពោះមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺសមត្ថកិច្ចមូលដ្ឋានមិនទាន់ស្រាវជ្រាវដឹងច្បាស់នៅឡើយ។ បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ចំណែកទំហំនៃការខូចខាត សមត្ថកិច្ចមិនអាចកំណត់បាននៅឡើយទេ រង់ចាំធ្វើកំណត់ហេតុពីម្ចាស់ផ្ទះនីមួយៗសិន៕
មតិយោបល់