ព័ត៌មានជាតិ

ចោរឈាមរាវ! សុំខ្ចីទូរសព្ទ តែបែរជាឆក់ពីដៃក្មេងត្រូវក្មេងដេញតាមផ្អើលអាវុធហត្ថឃាត់ខ្លួនបាន

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាព ជិះម៉ូតូទៅខ្ចីទូរសព្ទពីក្មេងប្រុស២នាក់ សម្រាប់ខលទៅមិត្តភក្ដិ ខណៈដែលក្មេងប្រុសជាជនរងគ្រោះមិនបានប្រុងប្រយ័ត្ន ក៏ធ្វើសកម្មភាពឆក់រួចរត់ឡើងទៅលើម៉ូតូដើម្បីជិះគេចខ្លួន តែសំណាងមិនល្អ ជនរងគ្រោះដេញតាមស្រែកហៅប្រជាពលរដ្ឋឲ្យជួយតាមចាប់ធ្វើឲ្យជនសង្ស័យភ័យ ក៏ជិះម៉ូតូជ្រុលទៅបុកខឿនដួល ទើបត្រូវប្រជាពលរដ្ឋ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនវាយខ្នោះយកមកសាកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទី ទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្ដុំវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានខាងលើ ទី១មានឈ្មោះ ថា វ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅខណ្ឌច្បារអំពៅ (ជាអ្នកបើកម៉ូតូចាំឌុប) និងជនសង្ស័យទី២មានឈ្មោះ ទ្រី បារ៉ាម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅខណ្ឌច្បារអំពៅ (ជាអ្នកធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះចំនួន២គ្រឿង ម៉ាក LG និងម៉ាក SAMSUNG ។

យោងតាមប្រភពព័ត៌មានពីក្មេងរងគ្រោះឈ្មោះ ម៉ូវ ឆេងឃាង អាយុ១៦ឆ្នាំ និងឈ្មោះ ធឿន តារា អាយុ១៥ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងតែអង្គុយលេងកំព្យូទ័រទាំង២នាក់ ខណៈនោះស្រាប់តែមានជនសង្ស័យបានដើរមកជិត ហើយនិយាយថា សុំខ្ចីទូរសព្ទ ធ្វើជាខលទៅមិត្តភក្តិ ភ្លាមៗនោះក៏ឆក់យកទូរសព្ទមួយគ្រឿង ទៀតពីក្មេងរងគ្រោះឈ្មោះ ធឿន តារា រួចព្យាយាមរត់ឡើងលើម៉ូតូជិះគេច តែជនរងគ្រោះទាំង២នាក់ បានដេញតាមនឹងស្រែកហៅឲ្យប្រជាពលរដ្ឋជួយចាប់ ដោយមានការភិតភ័យបានជិះម៉ូតូទៅបុកខឿនដួលទើបប្រជាពលរដ្ឋសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនវាយខ្នោះយកមកសាកសួរ នាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនធ្វើការសាកសួរនឹងចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់