ព័ត៌មានជាតិ

ម៉ូតូកែច្នៃភ្លើងខុសបច្ចេកទេសត្រូវកំលាំងនគរបាលឃាត់បានជាង២០គ្រឿង!

កំពតៈ កំលាំងអធិការរដ្ឋាននគរបាលក្រុងកំពត ដឹកនាំដោយលោកអធិការនិងអធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ បានធ្វើការត្រួតពិនិត្យម៉ូតូដែលកែច្នៃភ្លើងឡាស៊ែខុសបច្ចេកទេស បង្កឲ្យចាំងភ្នែកអ្នកធ្វើដំណើរដូចគ្នានាពេលយប់។

ការត្រួតពិនិត្យយានជំនិះនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តាផ្លូវក្នុងក្រុងកំពត ដោយមានការចង្អុលបង្ហាញផ្ទាល់ពីអភិបាលក្រុង។

លោកអនុសេនីយ៍ឯក ឆែម ហាក់ អធិការរងនគរបាលក្រុងកំពត ទទួលបន្ទុកសណ្តាប់ធ្នាប់ បានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យម៉ូតូប្រើភ្លើងខុសស្តង់ដារ នគរបាលដកហូតបានចំនួន២២គ្រឿង។ លោកអធិការរងបន្តថា ដោយមើលឃើញថាក្រុមក្មេងស្ទាវបច្ចុប្បន្នបានប្រើប្រាស់ម៉ូតូដាក់ភ្លើងឡាស៊ែ ភ្លើងញាក់ និងបំពង់ស៊ីម៉ាំងឮខ្លាំង បង្កឲ្យប៉ះពាល់ដល់អារម្ភអ្នកដំណើរ និងសណ្តាប់បែបនេះ នគរបាលត្រូវតែឃាត់និងណែនាំដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្រុងជូនពលរដ្ឋ។

សូមបញ្ជាក់ថា ម៉ូតូដែលបានបំពាក់ភ្លើងនិងបំពង់ស៊ីម៉ាំងខុសបច្ចុកទេស ត្រូវបាននគរបាលយករក្សាទុកនៅអធិការដ្ឋានក្រុងមួយយប់ ហើយនគរបាលបានណែនាំតម្រូវឲ្យម្ចាស់យកអំពូលនិងស៊ីម៉ាំងថ្មីដែលត្រូវតាមស្តង់ដារមកផ្លាស់ និងតម្រូវឲ្យដាក់កញ្ចក់ បំពាក់មួក ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ទើបអាចយកត្រឡប់ទៅផ្ទះវិញបាន។

គួររំលឹកថាក្រុមក្មេងស្ទាវដែលបានដាក់ភ្លើងនិងស៊ីម៉ាំងខុសស្តងដារបែបនេះ ត្រូវបានកំលាំងធ្លាប់បង្ក្រាបបានជាហូរហែរ តែអ្នកខ្លះមិនព្រមស្តាប់ការណែនាំរបស់សមត្ថកិច្ច ហើយថែមទាំងក្មេងស្ទាវខ្លះអាងឪពុកម្តាយខ្លួនជាមន្ត្រីរាជការធំក្នុងខេត្ត និងបានលើកឈ្មោះឪពុកមកគំរាម និងជេរសមត្ថកិច្ចទៀតផង៕

https://youtu.be/k43tu5VIcD4

មតិយោបល់