ព័ត៌មានជាតិ

សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់! ពីរនាក់ម្ដាយ និងកូន ប៊ិះទៅហើយ

ភ្នំពេញ: ស្ត្រីម្នាក់រួមជាមួយកូនប្រុសម្នាក់ រងរបួសស្រាល រីឯម៉ូតូរងខូចខាតមួយកំណាត់មុខ បន្ទាប់ពីរថយន្តស្ទូច បើកបរខ្វះការប្រុងប្រយ័ត្ន បត់ស្តាំជ្រុលកៀរម៉ូតូ ZOOMER កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបណតប្រីដ ផ្លូវណតប្រីដ កែងផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធ្វើដំណើរតាមផ្លូវ២០០៤ ពីកើតទៅលិច ដល់ចំណុចខាងលើបត់ស្តាំ ឡើងផ្លូវណតប្រីដ ក៏ជ្រុលកៀរម៉ូតូ ZOOMER ជិះ២នាក់ម្តាយកូន ក្នុងដំណើរស្របទិស បណ្តាលឲ្យដួលរងរបួសស្រាល តែម៉ូតូខូចខាតខ្ទេចមួយកំណាត់មុខ។

ក្រោយកើតហេតុនគរបាលប្រចាំគោលដៅខាងលើ បានបាញ់ថ្នាំចំណាំទុក រួចយករថយន្ត ម៉ូតូ ដាក់កៀនខាង ឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នា ជាលទ្ធផលភាគីរថយន្តបង្ក ព្រមចេញសងថ្លៃខូចខាត ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

មតិយោបល់